៣៣ឆ្នាំ កម្ពុជាកម្ទេចចោលគ្រាប់មីនពីសង្រ្គាមជាង ៤,៤លានគ្រាប់
ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ ផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៣ ៤០០ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៤,៤ លានគ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោល។ ការលើកឡើងនេះ ក្នុងឱកាសលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍវិស័យមីន (TWG-MA) ក្រោមប្រធានបទ «កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម» នៅថ្ងៃទី ១៦ ខែតុលា ឆ្ន២០២៥។
លោក លី ធុជ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានយកចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា អស់រយៈពេល ៣៣ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២។ លោកបន្តថា ផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៣៤០០ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៤,៤ លានគ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោល ហើយចំនួនអ្នកស្លាប់និងរបួស ត្រូវបានកាត់បន្ថយនៅក្រោម ១០០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវប្រទេសកម្ពុជាគ្មានមីន ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ ចំពោះការផ្សារភ្ជាប់កិច្ចការបោសសម្អាតមីន ក្នុងនោះ គិតចាប់ពីឆ្នាំ២០១៨ ផ្ទៃដីប្រមាណជាង ៦៥ ភាគរយ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការបង្កបង្កើនផល។ ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ដីប្រកបដោយសុវត្ថិភាពដើម្បីកសាងនូវសេដ្ឋកិច្ចសហគមន៍ លើកកម្ពស់ជីវិភាពរស់នៅ គាំទ្រដល់សន្តិសុខស្បៀង បង្កើនភាពធន់ និងវឌ្ឍនភាពកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា នឹងប្រែក្លាយវាលស្រែដែលរងការគំរាមដោយសារមីន ទៅជាវាលស្រែដែលអាចចិញ្ចឹមប្រជាជនកម្ពុជាបានយ៉ាងច្រើន និងពង្រឹងដល់អនាគតជាតិកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោក លី ធុជ បានបញ្ជាក់ពីគោលជំហរមិនផ្លាស់ប្តូររបស់កម្ពុជា ថា «កម្ពុជា មិនមាន និងមិនដាក់មីនប្រឆាំងមនុស្សថ្មីនោះទេ» ហើយ លោក លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះភាពតាងតឹងថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចោទប្រកាន់ខុសមកលើកម្ពុជាដោយគ្មានមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស។ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលការណ៍មនុស្សធម៌នៃអនុសញ្ញាអូតាវ៉ា និងការបោសសម្អាតមីននៅតំបន់ស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា៕

Daily Program
