១៧ឆ្នាំបន្ទាប់ពីការចុះចាញ់ បូជាចារ្យស្រីលង្កា និងជនជាតិតាមីលរាប់រយនាក់នៅតែបាត់ខ្លួន

១៧ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅស្រីលង្កា ជោគវាសនារបស់បូជាចារ្យ ហ្វ្រង់ស៊ីស ចូសេប ( Francis Joseph) និងជនស៊ីវិលតាមីលរាប់រយនាក់ដែលបានចុះចូលជាមួយនឹងយោធាស្រីលង្កាជាមួយគាត់នៅតែមិនទាន់ដឹងដំណឹងនៅឡើយ ហើយក្រុមគ្រួសារពួកគេរាប់សិបកំពុងតែរង់ចាំ ។

លោកបូជាចារ្យនៃភូមិភាគ ចាហ្វាណា (Jaffna) បានបាត់ខ្លួននៅថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០០៩  ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃសង្គ្រាមនៅតំបន់ មូលលីវៃកាល ( Mullivaikkal) ដែលជាតំបន់ឆ្នេរសមុទ្រមួយនៅភាគឦសាននៃប្រទេសស្រីលង្កា ជាកន្លែងដែលជនស៊ីវិលតាមីលរាប់ម៉ឺននាក់ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមខ្លារំដោះតាមីលអ៊ីឡាំ។

សាក្សីបាននិយាយថា បូជាចារ្យ  ហ្រ្វង់ស៊ី ចូសេប  បានចុះចូលជាមួយនឹងកម្លាំងយោធាស្រីលង្ការរួមជាមួយក្រុមជនស៊ីវិលមួយក្រុមធំ ហើយត្រូវបានគេឃើញឡើងឡានក្រុងយោធាបន្ទាប់ពីប្រគល់ព័ត៌មានលម្អិតរបស់អ្នកដែលចុះចាញ់។ គ្មានអ្នកដែលត្រូវបានចាប់ខ្លួននៅលើឡានក្រុងត្រូវបានរាយការណ៍ជាសាធារណៈនោះទេមកដល់ពេលនេះ។

ទោះបីជាមានការសវនាការតុលាការម្តងហើយម្តងទៀត ការអំពាវនាវដោយក្រុមគ្រួសារ និងការយកចិត្តទុកដាក់ពីអន្តរជាតិក៏ដោយ អាជ្ញាធរស្រីលង្កាមិនបានបញ្ជាក់ពីទីតាំងរបស់បូជាចារ្យ ឬអ្នកដែលបាត់ខ្លួនជាមួយគាត់នោះឡើយ។

លោកបូជាចារ្យ ដែលបម្រើព្រះជាម្ចាស់និងគ្រីស្តបរិស័ទអស់រយៈពេល៥១ ឆ្នាំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅភាគខាងជើងប្រទេសស្រីលង្កាថាជាអ្នកអប់រំ និងជាអ្នកដឹកនាំសហគមន៍។

លោកជាអតីតនាយកសាលា សន្តផាទ្រិក (St. Patrick) ក្នុងទីក្រុងចាហ្វាណា  ។  លោកត្រូវបានគេគោរពចំពោះការងាររបស់លោកក្នុងការអប់រំ និងកិច្ចបម្រើសាសនាក្នុងចំណោមអ្នកកាន់សាសនាកាតូលិកតាមីល។

បន្ទាប់ពីចូលនិវត្តន៍ពីប្រព័ន្ធអប់រំ លោកបានបង្កើតសាលាអប់រំភាសាអង់គ្លេសមួយនៅតំបន់ គីលីណូកជី( Kilinochchi) ក្នុងឆ្នាំ ២០០៤ ខណៈពេលដែលបន្តកិច្ចបម្រើព្រះសហគមន៍កាតូលិកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសង្គ្រាម។

នៅមុនពេលបាត់ខ្លួន លោកបូជាចារ្យ ត្រូវបានគេរាយការណ៍ថាបានសរសេររបាយការណ៍ផ្ញើជូនទៅកាន់សម្តេចប៉ាប បេណេឌិកទី១៦  ដោយអំពាវនាវឱ្យមានអន្តរាគមន៍ពីអន្តរជាតិ ខណៈដែលជនស៊ីវិលរងគ្រោះកើនឡើងនៅក្នុងតំបន់សង្គ្រាម។

យោងតាមអ្នករស់រានមានជីវិត និងសាច់ញាតិ ជនស៊ីវិលជាច្រើនបានស្វែងរកជំនួយពីលោកបូជាចារ្យ នៅពេលដែលរដ្ឋាភិបាលស្រីលង្កាបានប្រកាសថា អ្នកចុះចាញ់ទាំងនោះនឹងត្រូវបានធានាសុវត្ថិភាព និងការស្តារនីតិសម្បទា។ ដោយសារតែគាត់ជាបូជាចារ្យដ៏គួរឱ្យគោរព និងនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ ក្រុមគ្រួសារជឿថាគាត់អាចជួយចរចាការចុះចាញ់ដោយសុវត្ថិភាពជាមួយអាជ្ញាធរយោធា ប៉ុន្តែទាំងលោកនិងពួកគេដែលចុះចាញ់បាត់ដំណឹងឈឹង៕

Daily Program

Livesteam thumbnail