អ្វីដែលអាចកត់សម្គាល់នៅក្នុងវគ្គចរចាដំបូងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់វគ្គពិភាក្សាលើកដំបូងនៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា​ដើម្បី​បញ្ចប់សង្គ្រាម​​នៅមជ្ឈិមបូព៌ា ឲ្យប្រកបដោយចីរភាព។  ការចរចាដែលរៀបចំធ្វើឡើង​នៅ​ប្រទេសស្វីស អាច​នឹង​មានរយៈពេលពេញមួយសប្តាហ៍។

នៅក្នុងសេចក្តីប្រកាសរួមមួយ អ្នកធ្វើសម្របសម្រួមអន្តរការី មានប្រទេសប៉ាគីស្ថាន និងកាតា បានសរសេរថា ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានយល់ព្រមលើផែនទីចង្អុលផ្លូវ ដើម្បី​ឈាន​​ទៅកាន់កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ ដោយបង្កើតមូលដ្ឋានសម្រាប់​ចាប់ផ្តើមនូវកិច្ចពិភាក្សាថ្មីភ្លាមៗខាងបច្ចេកទេស។

ចំនុចមួយក្នុងចំណោមចំនុច​គន្លឹះ​ទាំងឡាយគឺជាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ នៅក្នុងបរិបទ​នៃពីធី​សារកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារួចហើយ អ៊ីរ៉ង់សន្យាថា ប្រទេសនេះ​នឹង​​មិន​ប្រតិបត្តិ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។ កិច្ចព្រមព្រៀងចុងក្រោយ នឹង​ត្រូវបានអនុម័ត​ដោយ​សេចក្តីសម្រេចជាមួយអំណាចបង្ខំ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហប្រជាជាតិ។

ភាគីទាំងពីរក៏បានព្រមព្រៀងស្ថាបនាខ្សែទំនាក់ទំនងក្នុងគោលដៅធានានូវការឆ្លងកាត់​ដោយ​សុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្មនៅច្រកសមុទ្រអ័រមូស ដែលជាច្រកសមុទ្រ​យុទ្ធសាស្រ្ត​ដែល​តាមធម្មតាប្រេងពិភពលោកប្រមាណ ២០% ឆ្លងកាត់​តាមរយៈច្រកនេះ។ ប៉ុន្តែអ៊ីរ៉ង់​បាន​ប្រកាស​បិទច្រកនេះជាថ្មីបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ប្រឆាំង​នឹងក្រុម​ហេប៊ូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

យោងតាមពិធីសារនៃកិច្ចព្រមព្រៀងបានឲ្យដឹងថា ចរាចរណ៍ពាណិជ្ជកម្មត្រូវតែស្ថាបនាឡើង​វិញ​ដោយពេញលេញនៅក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីការបើកច្រកសមុទ្រ។ ទោះជា​យ៉ាង​ណា អ្នកចរចាជាន់ខ្ពស់អ៊ីរ៉ង លោកម៉ូហាម៉េដ បាហ្ស៉ឺ ហ្គាលីបាហ្វ បានព្រមានថា ទីក្រុង​តេអេរ៉ង់ មានបំណងដាក់ សិទ្ធិគិតថ្លៃសេវា សម្រាប់សេវាកម្មដែលបានផ្តល់នៅច្រកសមុទ្រ​អ័រមូស ដែល​ច្រកនេះនឹងមិនត្រឡប់មករកស្ថានភាពមុនសង្គ្រាមឡើយ។

ក្រុមអ្នកសម្របសម្រួលបានបន្ថែមថា ៖ “ភាគីនានាបានយល់ព្រមក្នុងការបង្កើត​ក្រុម​ការងារ​​​គ្រប់​គ្រងវិវាទ ដែលរួមបញ្ចូលភាគីទាំងអស់ និងប្រទេសលីបង់ ហើយដឹកនាំ​ដោយអន្តរការី​ជំរុញការចរចា ដើម្បីធានាថា នឹងមានការគោរពលើការឈប់ប្រតិបត្តិការ​យោធា​​នៅលីបង់។”

ទីក្រុង​​តេអេរ៉ង់ទាមទារថា កិច្ចព្រមព្រៀងនៃការបញ្ចប់ការប្រទូស្តរាយក៏រួមបញ្ចូលទាំងនៅ​លីបង់​​​​ផងដែរ។ ប៉ុន្តែនាយករដ្ឋ​មន្រ្តីអ៊ីស្រាអែលលោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ បាន​អះអាង​ថា ទាហានអ៊ីស្រាអែលនឹងមិន​ដកចេញពីភាគខាងត្បូងនៃប្រទេសលីបង់ឡើយ។ ​​ទោះ​​​បីជា​យ៉ាង​ណា លោកអាបាស អារ៉ាជី ប្រមុខការទូតអ៊ីរ៉ង់ បានបង្ហាញនូវការរីកចម្រើនដ៏​សំខាន់​​ដើម្បី​​បញ្ចប់សង្រ្គាមនៅលីបង់។

យោងតាមពិធីសារនៃកិច្ចព្រមព្រៀង រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសដែរថា ការ​នាំចេញនូវប្រេង និងផលិតផលគីមី​ប្រេងរបស់អ៊ីរ៉ង់លែងត្រូវបានកំហិតទៀតហើយ ការបិទ​ច្រក​​ក៏​​​ត្រូវ​​បាន​លើកចេញ ទ្រព្យសម្បត្តិខ្លះ​ដែលត្រូវបង្កកនឹងត្រូវព្រលែង ហើយផែនការនៃការ​ស្ថាបនា និងការអភិវឌ្ឍដ៏សំខាន់​របស់អ៊ីរ៉ង់ត្រូវបានធ្វើឡើង។ ផែនការនេះគួរតែត្រូវ​មាន​ចំនួន​ទឹកប្រាក់​យ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ។

ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ៖ “កិច្ចពិភាក្សាបច្ចេកទេសនៅ​ប្រទេស​ស្វីស នៅក្នុងក្របខណ្ឌនៃកិច្ចសន្ទនាដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ត្រូវបាន​បញ្ចប់​​ជាមួយការដាក់ឲ្យដំណើរការនូវក្រុមការងារ ដែលធ្វើការលើសំណុំរឿងនុយក្លេអ៊ែរ និង​​ការ​ដកចេញទណ្ឌកម្មសេដ្ឋកិច្ច។”

 

Daily Program

Livesteam thumbnail