អ្នកវិភាគគ្រប់រឿង លោក ជេម សុខ សុំទោសសម្តេច ហ៊ុន សែន ជាសាធារណៈ
លោក ជេម សុខ ដែលប្រជាជនខ្មែរភាគច្រើនទាំងក្នុង និងក្រៅប្រទេសស្គាល់ថាជាអ្នកដែលវិភាគ និងរិះគន់ស្ទើរគ្រប់រឿងនោះ បានសរសេរសារសុំទោសជាសាធារណៈទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ទាប់ពីសម្តេចតេជោប្រតិកម្មទៅលើការចោទថាសម្តេចតេជោធ្វើដំណើរទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅថ្ងៃអង្គារ ទី៣ ខែធ្នូនេះថាលោក ជេម សុខ បាននិយាយនៅក្នុងប្រព័ន្ធតិកតុកថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែសម្តេចបានបញ្ជាក់វិញថាគំរោងទស្សនកិច្ចនៅចិនរបស់សម្តេចគឺបានរៀបចំតាំងពីជិត២ខែមុន ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។
សម្តេចថា ៖ «នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថាប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន»។
សម្តេចតេជោបានបន្តទៀតថា ៖ «ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ»។
បន្ទាប់ពីប្រធានព្រឹទ្ធសភាបានបញ្ជាក់ពីចោទប្រកាន់នេះរួចហើយ លោក ជេម សុខ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលដោយបានសូមអភ័យទោសពីសម្ដេចតេជោ បើលោកមានការខុសឆ្គងត្រង់ណា។
លោកថា ៖ «ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូមសម្ដេចបងមត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន៕