អ្នកនាំពាក្យក្រសួងព័ត៌មាន សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ និងធានាដោយច្បាប់
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។
លោកបានគូសបញ្ជាក់ថា ការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។
អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជម្រាបជូនអ្នកចូលរួមផងដែរថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។
តាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី៕