អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់ ​

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់​ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ​

ការអំពាវនាវធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយលោកបានបញ្ជាក់ថា​ បន្ទាប់ពីសារព័​ត៌មាន Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ពីការព្រមានកម្រិតទឹកជំនន់ និងគ្រោះធម្មជាតិនៅទីក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ដែលបណ្ដាលឱ្យមានផលប៉ះពាល់នៅតំបន់ទំនាប។ ​

លោកបានស្នើឱ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសនៅតាមបណ្តាខេត្តដែលប្រកាសអាសន្នដោយអាជ្ញាធរ អំពីគ្រោះធម្មជាតិទឹកជំនន់នៅពេលនេះសូមបន្តស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃ និងសហការ ដើម្បីសុខសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ ​

លោក កត្តា អ៊ន បញ្ជាក់ថា គិតមកទល់ពេលនេះពុំទាន់មានពលករខ្មែរណាម្នាក់ត្រូវបានរកឃើញទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅប្រទេសថៃនៅឡើយទេ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃគ្រោះទឹកជំនន់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។ ​

យោងតាមក្រសួងការងារ ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok) ឬ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរសព្ទ +66 (0) 94 092 5905 , +66 (0) 94 416 5518៕

Daily Program

Livesteam thumbnail