អ្នកជំនួញចិន ចេន ហ្ស៊ី និងបក្ខពួក២នាក់ទៀតត្រូវបានចាប់
លោក ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមហ៊ុន Prince Holding Group រួមទាំងជនជាតិ២នាក់ទៀត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន នៅថ្ងៃទី៦ ខែមករា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលការណ៍នេះគឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចិន និងកម្ពុជា រួមគ្នាស៊ើបអង្កេតអស់ជាច្រើនខែមកនេះ។
ក្រសួងមហាផ្ទៃ ការចាប់បញ្ជូនលោក Chen Zhi និងជនជាតិចិន២នាក់ទៀត ឈ្មោះ Xu Ji Liang និង Shao Ji Hui ទៅប្រទេសចិនវិញនេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី៧ ខែមករា បានបញ្ជាក់ថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៥។ លោក ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីមួយរូប ដែលបានបោះទុនវិនិយោគលើគម្រោងជាច្រើននៅកម្ពុជា រួមមានក្នុងវិស័យអចលនទ្រព្យ និងវិស័យធនាគារ ជាដើម។
លោក ចេន ហ្ស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាន និងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។
Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើបដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា។
លោក ចេន ហ្ស៊ី ដែលបច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ បានកើតនៅក្នុងប្រទេសចិន តែលោកបានបោះបង់សញ្ជាតិកំណើត និងទទួលបានសញ្ជាតិខ្មែរ អង់គ្លេស និងស៊ីព។
លោក ចេន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ដ៏លេចធ្លោដោយលោកទទួលបានគោរមងារឧកញ៉ាកាលពីខែ កម្ភៈ ឆ្នាំ២០១៦ និងតមកទទួលបានគោរមងារខ្ពស់មួយកាំទៀតគឺ «អ្នកឧកញ៉ា» នៅអំឡុងខែកក្កដា ឆ្នាំ២០២០។ ក្រៅពីទទួលបានគោរមងារជាអ្នកឧកញ៉ា លោក ចេន ហ្ស៊ី ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនដែលមានឋានៈស្មើ«រដ្ឋមន្ត្រី»។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា បានរួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍របស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយរកឃើញថា ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារ ពីជនរងគ្រោះជុំវិញពិភពលោក។
លោក ចេន ហ្ស៊ី ត្រូវបានអន្តរជាតិស៊ើបអង្កេតឃើញថា លោកគឺជាមេឧក្រិដ្ឋជនលំដាប់ពិភពលោក ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការធ្វើទារុណកម្មដ៏កក្រើក លំដាប់អន្តរជាតិ។
លោកទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីមករកស៊ីនៅកម្ពុជាបាន ៤ឆ្នាំ ហើយក្រោយមក លោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់លោកដំបូង ស្ថិតក្នុងក្រុងភ្នំពេញ រហូតដល់ឆ្នាំ២០១៥ លោកបានក្លាយជាស្ថាបនិក បង្កើតក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀត។
នៅថ្ងៃទី១៤ ខែតុលា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋី លោក ចេន ហ្ស៊ី ពាក់ព័ន្ធនឹងការបើកទីតាំងឆបោកអនឡាញ ហើយបានលួចលុយពីពលរដ្ឋចក្រភពអង់គ្លេស និងជាប់ពាក់ព័ន្ធការជួញដូរមនុស្ស និងការធ្វើទារុណកម្ម។
រដ្ឋាភិបាលអង់គ្លេសបានចោទថា លោក ចេន ហ្ស៊ី គឺជាមេបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងបក្ខពួក កំពុងបើកអាជីវកម្មជាច្រើនកន្លែងនៅក្នុងប្រទេសអង់គ្លេស ក្នុងនោះរួមទាំងការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យក្នុងទីក្រុងឡុងដ៍ (London) ការកាន់កាប់ភូមិគ្រឹះមួយកន្លែង ដែលមានតម្លៃ ១២លានផោន មានអាគារការិយាល័យតម្លៃ ១០០លានផោន រួមទាំងផ្ទះល្វែងចំនួន១៧ផ្សេងទៀត៕