អ៊ូហ្គង់ដា​ បញ្ជាក់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេបូឡាជាថ្មី

រដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដា ដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិកបានបញ្ជាក់អំពីការផ្ទុះជាថ្មីនៃជំងឺអេបូឡា ប៉ុន្តែបានធានាដល់ពលរដ្ឋថា ខ្លួនស្ថិតក្នុង "ការគ្រប់គ្រងពេញលេញ" នៃសុវត្ថិភាពរបស់ពួកគេ។

វេជ្ជបណ្ឌិត ឌីយ៉ាណា អាតវិន (Diana Atwine ) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលអ៊ូហ្គង់ដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិលានុបដ្ឋាយិកា អាយុ៣២ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺ​នេះ។

សេចក្តីថ្លែងការណ៍បានបន្ត​ថា «រដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដា សូមធានាដល់សាធារណជនថា ក្រសួងសុខាភិបាលកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង និងបន្តការពារជីវិតមនុស្សទាំងអស់ក្នុងប្រទេសអ៊ូហ្គង់ដា»។

​          លោក​វេជ្ជបណ្ឌិត បានលើកឡើតថា នេះ​គឺ​ជា​ការ​ផ្ទុះ​ជំងឺ​អេបូឡា​លើក​ទី៨ នៅ​ប្រទេស​អ៊ូហ្គង់ដា។

ដោយរៀបរាប់ពីរបៀបដែលគិលានុបដ្ឋាយិកាបានស្លាប់ បន្ទាប់ពីស្វែងរកការយកចិត្តទុកដាក់ព្យាបាលនៅក្នុងមណ្ឌលសុខភាពជាច្រើន លោកវេជ្ជបណ្ឌិត បាននិយាយថា អ្នកជំងឺបានបង្ហាញប្រវត្តិក្តៅខ្លួនរយៈពេលប្រាំថ្ងៃ ឈឺទ្រូង និងពិបាកដកដង្ហើម ដែលក្រោយមកបានវិវត្តទៅជាហូរឈាមពីកន្លែងផ្សេងៗនៃរាងកាយដែលមិនអាចពន្យល់បាន។

ជាមួយគ្នានេះ រដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដាបានព្រមានប្រជាជន ឱ្យជៀសវាងការប៉ះពាល់រាងកាយជាមួយបុគ្គលដែលមានរោគសញ្ញាអេបូឡា ដោយស្នើឱ្យពលរដ្ឋទាំងអស់រក្សាអនាម័យដៃយ៉ាងតឹងរ៉ឹង ដោយលាងដៃឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកសម្លាប់​មេរោក ពីព្រោះមេរោគ អេបូឡា ជាធម្មតាឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវពីរាងកាយអ្នកជំងឺ៕

Daily Program

Livesteam thumbnail