អ៊ុយក្រែន ម៉ុងតេណេក្រូ អាល់បានី... ប្រទេសថ្មីៗទាំងនេះដែលសហភាពអឺរ៉ុបអាចនឹងទទួលជាសមាជិកពីពេលនេះទៅដល់ឆ្នាំ២០៣០
ប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ីដែលកាន់តែខ្លាំងឡើងៗ សហភាពអឺរ៉ុបក៏មានប្រតិកម្មវិញកាន់តែម៉ឺងម៉ាត់។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៃគណកម្មការនៃការពង្រីកសមាជិកភាពនៃសហភាពអឺរ៉ុប កាលពីថ្ងៃទី៤ ខែវិច្ឆិកា សេចក្តីថ្លែងការណ៍របស់អឺរ៉ុបមានរាប់បញ្ចូលប្រជាជាតិជាច្រើនពីលើប្រទេសជាសមាជិកបច្ចុប្បន្ន ២៧ប្រទេស។
លោកស្រីកាចា កាល់ឡាស ប្រមុខនយោបាយការបរទេសអឺរ៉ុប បានថ្លែងថា ៖ “ការឈ្លានពានទ្រង់ទ្រាយធំពីរុស្ស៊ីមកលើអ៊ុយក្រែន និងការប្រែប្រួលភូមិសាស្រ្តនយោបាយបានបន្លឺសម្លេងច្បាស់ឲ្យមានការពង្រីកសហភាពអឺរ៉ុប”។ នេះគឺជាភាពចាំបាច់ប្រសិនបើយើងចង់ឲ្យខ្លួនកាន់តែខ្លាំងលើឆាកអន្តរជាតិនៅថ្ងៃមួយ។ លោកស្រីបន្ថែមថា ការបញ្ចូលជាសមាជិកនៃប្រទេសថ្មីៗមកក្នុងសហភាពអឺរ៉ុបពីពេលនេះទៅដល់ឆ្នាំ២០៣០ គឺជាគោលដៅដែលមានភាពប្រាកដនិយម”។ លោកស្រីកាចា កាល់ឡាស ដែលជាអតីតនាយករដ្ឋមន្រ្តីអេស្តូនី ក៏បានថ្លែងថា ការបញ្ចូលជាសមាជិកមកក្នុងសហភាពអឺរ៉ុប នឹងជាការធានាសន្តិសុខដ៏សំខាន់សម្រាប់អ៊ុយក្រែន ហើយក៏មិនដែលមានប្រទេសបេក្ខភាពណាដែលដាក់ចេញនូវកំណែទម្រង់យ៉ាងដាច់ខាតក្នុងអំឡុងពេលសង្រ្គាមដូចអ៊ុយក្រែននេះដែរ។
លើសពីនេះលោកស្រីម៉ាកតា កូស ស្នងការនៃការពង្រីកសហភាពអឺរ៉ុប បានបញ្ជាក់ថា ៖ “វានឹងមានសារសំខាន់ក្នុងការថែរក្សានូវជំហាននេះ និងបង្ការរាល់ហានិភ័យនៃការត្រឡប់ថយក្រោយ មានជាអាទិ៍សម្រាប់រឿងប្រឆាំងនឹងអំពើពុករលួយ”។
ដោយមានវត្តមាននៅប្រទេសប៊ែលហ្ស៊ីកដែរ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី បានប្រថ្នាសាជាថ្មីថា អ៊ុយក្រែនអាចចូលរួមសហភាពអឺរ៉ុបមុនឆ្នាំ២០៣០។ សារព័ត៌មានអេកូ បានរំឭកដែរថា មកទល់នឹងពេលនេះ ដំណើរការនៃការចរចារបស់អ៊ុយក្រែន ត្រូវបានរាំងខ្ទប់ដោយសម្លេងវេតូរបស់ប្រទេសហុងគ្រី។ ទីក្រុងប៊ុយដាប៉េស ជំទាស់នឹងការចូលជាសមាជិករបស់អ៊ុយក្រែន និងរារាំងការបើកជំពូកនៃកិច្ចចរចាចាំបាច់លើច្បាប់អ៊ុយក្រែនឲ្យស្របនឹងសហភាពអឺរ៉ុប ស្របពេលដែលការពង្រីកសហភាពអឺរ៉ុបក៏ត្រូវការចាំបាច់នូវសម្លេងឯកច្ឆ័នពីប្រទេសជាសមាជិកចំនួន ២៧ដែលមានស្រាប់ ផងដែរ។
សារព័ត៌មានឌឺ ហ្គាកដៀន The Guardian បានរាយការណ៍ថា មន្ត្រីសហភាពអឺរ៉ុបក៏បានបង្ហាញអំពីអត្ថប្រយោជន៍ក្នុងការបញ្ចូលប្រទេសមូលដាវីជាសមាជិកផងដែរ។ ស្នងការនៃការពង្រីកសមាជិកភាពនៃសហភាពអឺរ៉ុប លោកស្រីម៉ាកតា កូស បានថ្លែងថា ម៉ូលដាវី ដែលមានប្រជាជនចំនួន ២,៤លាននាក់ បានធ្វើឲ្យមានការរីកចម្រើនធំៗបំផុតក្នុងរយៈពេល ១ឆ្នាំ បើប្រៀងធៀបនឹងប្រទេសផ្សេងៗ ទោះបីជាមានការគំរាមកំហែងដែលមានការរៀបចំនិងបន្ត និងការប៉ុនប៉ងរំខានស្ថិរភាពនៃប្រទេសនានានៅពេលដំណើរការចូលមកសហភាពអឺរ៉ុប។ នាំមុខអ៊ុយក្រែន ប្រទេសម៉ុងតេណេក្រូ អាល់បានី គឺជាប្រទេសពីរដែលមានការរីកចម្រើនបំផុត និងមានភាពអនុគ្រោះក្នុងដំណើរការចូលជាសមាជិកសភាពអឺរ៉ុប។
មន្រ្តីទទួលខុសត្រូវនៃសហភាពអឺរ៉ុប បានថ្លែងថា ទស្សនវិស័យគឺមានភាពផ្ទុយសម្រាប់ប្រទេសស៊ែប៊ី ដែលមានប្រធានាធិបតីជាជនផ្តាច់ការ លោកអាឡិចសាដឺ វូស៊ីក និងបានប្រឈមមុខនឹងបាតុកម្មរយៈពេលមួយឆ្នាំហើយ ប្រឆាំងនឹងអំពើពុករលួយ។
នៅក្នុងចំណាត់ថ្នាក់ធ្លាក់ថយចុះនៃការចង់ចូលជាសមាជិកសហភាពអឺរ៉ុប លោកស្រីម៉ាកតា កូស ក៏បានអធិប្បាយអំពីការធ្លាក់ថយចុះគុណភាពមិនគួរឲ្យជឿនៃលទ្ធិប្រជាធិបតេយ្យយ៉ាងរហ័សនៅប្រទេសហ្ស៉កហ្ស៊ីផងដែរ។