អ៊ីស្រាអែលបង្កើនការវាយប្រហារលើលីបង់ និងហ្គាហ្សា
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនលើកលើអគារនានាក្នុងនិងជុំវិញទីក្រុង Tire ប្រទេសលីបង់កាលពីថ្ងៃចន្ទ ដោយសារទីក្រុងនេះ គឺជាគោលដៅមួយ ពីព្រោះវាជាបន្ទាយដ៏រឹងមាំនៃចលនាប្រឆាំងអ៊ីស្រាអែលដែលថ្នាក់ដឹកនាំបាននឹងកំពុងចរចាក្នុងនាម ហេបូឡា ( Hezbollah)។
យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅលីបង់នៅតែបន្តជាមួយនឹងការវាយប្រហារកាន់តែខ្លាំងទៅលើតំបន់ហ្គាហ្សាភាគខាងជើង ជាកន្លែងដែល កងកម្លាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់ទៅលើមន្ទីរពេទ្យមួយកាលពីចុងសប្តាហ៍។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្ស ៤៣.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា។
ក្នុងរយៈពេល ២៤ ថ្ងៃកន្លងទៅនេះ ប្រតិបត្តិការយោធាដ៏ខ្លាំងក្លាមួយនៅភាគខាងជើងហ្គាហ្សាបានសម្លាប់មនុស្សជាង ១០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
យោងតាមរបាយការយោធារបស់អ៊ីស្រាអែល បានអះអាងថា ខ្លួនបានឃាត់ខ្លួនជនសកម្មប្រយុទ្ធហាម៉ាសចំនួន ១00 នាក់ដែលសង្ស័យនៅក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ កាម៉ាល់ អាវាន់ ( Kamal Adwan ) ក្នុងទីក្រុង បី ឡាហ៊ីយ៉ា (Beit Lahiya ) រួមទាំងបុគ្គលិកប្រុសចំនួន ៤៤ នាក់។
អង្គការសុខភាពពិភពលោក និងក្រុមគ្រូពេទ្យប៉ាឡេស្ទីន បានបញ្ជាក់ថា មន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ ២០០ នាក់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយឆ្មក់។
អ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាភាគខាងជើង ដែលទីនោះមានលំនៅស្ថានយ៉ាងងហោចណាស់ ៤00.000ខ្នង និងជាកន្លែងដែលភាពអត់ឃ្លានកំពុងកើនឡើង ខណៈដែលចំនួនជំនួយមនុស្សធម៌ទៅដល់ភាគខាងជើងបានធ្លាក់ចុះក្នុងរយៈពេលមួយខែកន្លងមកនេះ៕