អ៊ីស្រាអែលនឹងដាក់ពង្រាយកម្លាំងនៅតាមព្រំដែនលីបង់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu )បាននិយាយថា ដំណាក់កាលដ៏ខ្លាំងក្លានៃការប្រយុទ្ធជាមួយក្រុម ហាម៉ាសនៅតំបន់ហ្គាហ្សា កំពុងខិតជិតដល់ការបញ្ចប់ហើយ។
នៅក្នុងបទសម្ភាសជាមួយនឹង ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍លេខ ១៤ លោកបាននិយាយថាលោក រំពឹងថាប្រតិបត្តិការដីនៅ តំបន់រ៉ាហ្វាស (Rafah) ដែលជាការវាយលុកដ៏ធំចុងក្រោយនៃសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទទេ។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា វាមិនមានន័យថាសង្រ្គាមហៀបនឹងបញ្ចប់នោះទេ ដោយសកម្មភាពនៅតែបន្តរហូតដល់ក្រុមហាម៉ាសត្រូវបានបណ្តេញចេញពីអំណាចទាំងស្រុង។
ទាក់ទងនឹងការកើនឡើងសកម្មភាពនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល លោកបាននិយាយថា កងកម្លាំងរបស់លោកអាចប្រយុទ្ធនៅជួរមុខជាច្រើន ហើយត្រូវបានរៀបចំដើម្បីធ្វើដូច្នេះ។
ក្រុមហេសបូឡានៅលីបង់បានបាញ់គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកចូលក្នុងប្រទេសអ៊ីស្រាអែលតាំងពីខែតុលាឆ្នាំមុន។
លោក បានបន្ថែមថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងមួយផ្នែក ដែលនឹងធានាបាននូវការដោះលែងអ្នកជាប់ឃុំឃាំងអ៊ីស្រាអែលដែលនៅសេសសល់ ដែលនៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា។
ទន្ទឹមនឹងនោះ នៅលើដី កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានសម្លាប់អ្នកជំនាញអាវុធជាន់ខ្ពស់របស់ហាម៉ាសនៅតំបន់ហ្គាហ្សាហើយខ្លួនកំពុងបន្តការវាយលុករបស់ខ្លួននៅទីក្រុងរ៉ាហ្វាស។
អ៊ីស្រាអែលបាននិងកំពុងអនុវត្តការវាយលុកដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលមនុស្សប្រហែល១.២០០ នាក់ត្រូវបានសម្លាប់ និង ២៥០នាក់ត្រូវបានចាប់ពង្រត់៕