អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកស្ថិតនៅទីក្រុងហ្សឺណេវ ដើម្បីកិច្ចចរចាថ្មី
ជុំទី២ អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកចាប់ផ្តើមការពិភាក្សាជាបន្តបន្ទាប់ជាលើកទី២ កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណេវ ដើម្បីបញ្ចៀសឲ្យឆ្ងាយពីហានិភ័យនៃការចូលធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាម៉េរិក។ ប្រទេសសត្រូវទាំងពីរ បានចងភ្ជាប់កិច្ចសន្ទនាកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅ ម៉ាស្កាត រដ្ឋធានីនៃប្រទេសអូម៉ង់ បន្ទាប់ពីការកើនឡើងនូវការគំរាមកំហែងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។
នៅចំពោះមុខការចរចាថ្មីៗទាំងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកអេស្មាអេល បាកាអេ ដែលលើកសំដីមកដោយទីភ្នាក់ងារព័ត៌មានអឺរ៉ង់ អៀណា បានឲ្យដឹងថា យើងអាចសន្និដ្ឋានដោយប្រុងប្រយ័ត្នថា ជំហររបស់អាម៉េរិកលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានក្លាយជាកាន់តែមានការយល់ដឹង។
លោកដូណាល់ ត្រាំ បានដាក់សំពាធលើទីក្រុងតេអេរ៉ង់ កាលពីល្ងាចថ្ងៃអង្គារ និងបញ្ជាក់ថា ៖ “ពួកគេចង់សម្រេចបានកិច្ចព្រមព្រៀង លោកមិនគិតថា ពួកគេចង់ទទួលខុសត្រូវនូវផលវិបាកនៅពេលដែលមិនមានកិច្ចព្រមព្រៀងនោះទេ។”
ទន្ទឹមពេលនឹងដំណើរការការទូត ក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានដាក់ពង្រាយនូវនាវា និងឧទ្ធម្ភាគចក្រ កាលពីថ្ងៃចន្ទ ធ្វើតេស្ត៍ដ្រូន និងមីស៊ីល នៅក្នុងលំហាត់សមយុទ្ធយោធានៅក្នុងតំបន់បង្ហាញកម្លាំងនៅក្នុងច្រកសមុទ្រយុទ្ធសាស្រ្តអ័រមូស។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរៀបរាប់ឲ្យដឹងថា ការធ្វើសមយុទ្ធ ដែលមានរយៈពេលមិនកំណត់ មានគោលដៅរៀបចំឆ្មាំបដិវត្តន៍ ដែលជាយោធាមនោគមន៍វិជ្ជានៃសាធារណៈរដ្ឋអ៊ីស្លាម សម្រាប់ការគំរាមកំហែងខាងសន្តិសុខ និងយោធាដែលមានសក្តានុពល។
ចំណែកទីក្រុងវ៉ាស៊ីនតុន បានថែរក្សានូវសំពាធខាងយោធា។ នាវាដឹកយន្តហោះមួយ ស្ថិតនៅជានិច្ចតាមបណ្តោយឆ្មេរអ៊ីរ៉ង់ ប្រមាណ ៧០០ គម ពីឆ្នេរ និងមួយគ្រឿងទៀតកំពុងរៀបចំបោះទីតាំង។ លោកដូណាល់ ត្រាំ ហាក់ដូចជាថែរក្សាជម្រើសរបស់លោកឲ្យនៅបើកចំហរ។
សម្រាប់កិច្ចចរចាថ្មីៗ ទាំងនេះ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ស្ថិតនៅទីក្រុងហ្សឺណេវ ក្រោមការសម្របសម្រួលពីស្តេចស៊ុលតង់ អូម៉ង់។ យោងតាមក្រសួងការបរទេសអ៊ីរ៉ង បានឲ្យដឹងថា ប្រមុខការទូតអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បានមកដល់ចាប់តាំងពីថ្ងៃចន្ទ មកប្រទេសស្វីស ដែលលោកបានជួបសមភាគីអូម៉ង់ លោកបា អាល់ ប៊ូសៃឌី ដើម្បីពន្យល់ទស្សនៈ និងការពិចារណារបស់សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់លើបញ្ហានុយក្លេអ៊ែរ និងការដកចេញនូវទណ្ឌកម្ម។
នៅក្នុងសេចក្តីប្រកាសមួយ លោកក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការធ្វើការងារការទូតនៅជុំវិញលទ្ធផលសម្រាប់ធានានូវផលប្រយោជន៍ និងសិទ្ធរបស់អ៊ីរ៉ង់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”។
ប្រទេសលោកខាងលិច និងអ៊ីស្រាអែល ដែលត្រូវបានចាត់ទុកថា ជាមហាអំណាចនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា មានការសង្ស័យថា អ៊ីរ៉ង់ចង់មានអាវុធនុយក្លេអ៊ែរ។
ទីក្រុងតេអេរ៉ង់ បានបដិសេធសម្រាប់ការចិញ្ចឹមនូវមហិច្ចតានេះ ប៉ុន្តែទទូចអំពីសិទ្ធដែលមិនអាចដកហូតបានក្នុងការអភិវឌ្ឍវិស័យនុយក្លេអ៊េរស៊ីវិល និងបង្កើនការចម្រាំងសារធាតុអ៊ុយរ៉ានីញ៉ូម មានជាអាទិ៍សម្រាប់ថាមពល ដែលស្របតាមបទបញ្ញត្តិនៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ ដែលជាខ្លួនជាហត្ថលេខីដែរ។
ចំណែកលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានធ្វើការព្រមានជាច្រើនដងបន្ទាប់ពីការបង្រ្កាបដោយបង្ហូរឈាមលើការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅអ៊ីរ៉ង់កាលពីខែមករា និងបានបើកទ្វារចំហរសម្រាប់ការរៀបចំការទូត ជាពិសេសអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ដោយមិនមានកិច្ចព្រមព្រៀង ប្រធានាធិបតីអាម៉េរិកបានព្រមានអ៊ីរ៉ង់អំពីផលវិបាកដ៏ឈឺចាប់ប និងក៏បានលើកឡើងដោយចំហរកាលពីថ្ងៃចន្ទ នូវសមតិកម្មអំពីការផ្តួលរំលំរដ្ឋអំណាចនៅអ៊ីរ៉ង់។