អ៊ីរ៉ង់បដិសេធការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅហ៊្សកដានី
អ៊ីរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។
ព័ត៌មានលម្អិតអំពីហេតុការនេះបានលេចចេញមកថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅឯមូលដ្ឋានទ័ពអាមេរិកក្បែរព្រំដែនស៊ីរី-ហ្ស៊កដានី បានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
បន្ទាប់ពីការវាយប្រហារនេះកើតឡើងភ្លាមៗ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទាហានស៊ីឈ្នួលគាំទ្រដោយអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារ ដែលត្រូវបានគេគិតថាបានកំណត់គោលដៅលើប្លុកបន្ទាយរបស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន បានស្បថថា សហរដ្ឋអាមេរិកនឹងឆ្លើយតបទាន់ពេលវេលា ខណៈពេលដែលគណបក្សសាធារណរដ្ឋមួយចំនួនបានអំពាវនាវឱ្យមានការវាយប្រហារសងសឹកយ៉ាងទូលំទូលាយ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបាននៅពីក្រោយឧបទ្ទវហេតុនេះទេ ហើយបានពណ៌នាការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ដោយនិយាយថា វាមិនជាប់ពាក់ព័ន្ធក្នុងការសម្រេចចិត្តរបស់ក្រុមប្រឆាំងនោះទេ។
បេសកជនអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា ទីក្រុងតេអេរ៉ង់មិនមានទំនាក់ទំនងទៅនឹងការវាយប្រហារនេះទេ ដោយបន្ថែមថាឧប្បត្តិហេតុនេះគឺជាផ្នែកមួយនៃ «ជម្លោះរវាងកងទ័ពសហរដ្ឋអាមេរិក និងក្រុមតស៊ូនៅក្នុងតំបន់ ដែលឆ្លើយតប (ជាមួយនឹង) ការវាយប្រហារសងសឹក»។
រដ្ឋាភិបាលហ្ស៊កដានី បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ខ្លួនកំពុងបន្តសហការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារព្រំដែន និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕