អ៊ីរ៉ង់ចង់ជឿជាក់ថាមានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន និងត្រៀម​ខ្លួន​​សម្រាប់​​រាល់​​សេណារីយ៉ូ

ដោយរំឭកអំពីសិទ្ធក្នុងការការពារខ្លួនក្នុងករណីមានការវាយប្រហារពីអាម៉េរិក ទីក្រុងតេអេរ៉ង់​កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ បានសន្និដ្ឋានថា វានឹងមានឱកាសល្អ​ដែល​អាចនឹងឈាន ទៅ​ដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន។

តាំងពីដើមខែកុម្ភៈ​ប្រទេសសត្រូវទាំងពីរ បានរៀបចំនូវដំណាក់ការជាបន្តបន្ទាប់នូវការ​ពិភាក្សា ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីព្យាយាមដោះស្រាយភាពខុសគ្នារបស់ពួកគេ និង​ផ្តោចជាពិសេសលើកកម្មវិធីនុយក្លេអ៊ែរ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវ បានពុលអស់រយៈពេលជាយូរមកហើយ។

កាលពីថ្ងៃអាទិត្យដែរ រដ្ឋមន្រ្តីការបរទេសអូម៉ង់ លោកសៃយីដ បាដ បានបញ្ជាក់ថា ដំណាក់​កាល​នៃការចរចាលើកក្រោយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងរៀបចំធ្វើឡើងនៅទីក្រុង​ហ្សឺណេវ ប្រទេសស្វីស។

ដើម្បីបង្ខំឲ្យមានកិច្ចព្រមព្រៀង ប្រធានាធិបតីដូណាល់ ត្រាំ គំរាមនឹងចូលធ្វើអន្តរាគមន៍​យោធា និងបានពង្រាយនាវាដឹកនាំយន្តហោះពីរគ្រឿងនៅក្នុងតំបន់ និងនាវាចម្បាំងរាប់សិប​គ្រឿង​​ទៀត។

លោកម៉ាស៊ូដ ប៉េហ្ស៉េចគៀន ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ “យើងបន្តតាមដានយ៉ាង​ដិត​ដល់នូវសកម្មភាពរបស់សហរដ្ឋអាម៉េរិក និងបានប្រកាន់យក​រាល់​វិធានការចាំបាច់​ដើម្បី​ប្រឈម​មុខនៅរាល់សេណារីយ៉ូ”។ លោកក៏បានប្រាប់ឲ្យដឹងថា កិច្ចពិភាក្សាថ្មីៗ​ជាមួយទីក្រុង​វ៉ាស៊ីនតុន​​បានផ្តល់នូវសញ្ញាដែល​មានការលើកទឹកចិត្ត​លើលទ្ធភាពនៃការមាន​កិច្ចព្រមព្រៀង​មួយ។

ចំណែកកាលពីថ្ងៃអាទិត្យ ប្រមុខការទូតអ៊ីរ៉ង់ លោកអាប់បាស អារ៉ាហ្សជី បានបង្ហាញឲ្យដឹង​ថា លោកជឿជាក់ថា នៅតែមានសំណាងល្អ​នឹងឈានទៅដល់ដំណោះ​ស្រាយ​ខាងការទូត​លើ​គោលការណ៍​ឈ្នះៗ។

នៅលើបណ្តាញទូរទស្សន៍អាម៉េរិកស៊ីប៊ីអេស CBS មុនរៀបចំជំនួបជាមួយអ្នកចរចាអាម៉េរិក លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងថា ៖ “យើងបន្តការចរចារបស់យើង គ្រប់យ៉ាង​ដោយ​ធ្វើ​​ការលើធាតុនៃកិច្ចព្រមព្រៀង និងធ្វើការលើអត្ថបទកិច្ចព្រមព្រៀងដំបូង។ លោកបន្តថា ប៉ុន្តែ​អ៊ីរ៉ង់មានសិទ្ធក្នុងការការពារខ្លួន ប្រឈមមុខនឹងទង្វើនៃការឈ្លានពាន ហើយរាល់​ការ​​ឆ្លើយ​តប​ បើតាមរូបលោក គឺជាភាពត្រឹមត្រូវ និងស្របតាមច្បាប់។

លោកអាប់បាស អារ៉ាហ្សជី បាននិយាយម្តងហើយម្តងទៀតថា ៖ “មីស៊ីលរបស់អ៊ីរ៉ង់​មិន​អាច​បាញ់​ដល់ទឹកដីអាម៉េរិកទេ។ ដូច្នេះយើងច្បាស់ណាស់ ត្រូវស្វែងរកដំណោះស្រាយ​ផ្សេងទៀត និងវាយប្រហារមូលដ្ឋានអាម៉េរិក​នៅក្នុងតំបន់។”

កាលពីមុនមន្រ្តីទទួលខុសត្រូវអ៊ីរ៉ង់ ក៏បានគំរាមថា នឹងបិទច្រកសមុទ្រ អ័រមូហ្ស ដែលជា​ចំនុ​ច​ឆ្លងកាត់យុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។

ការចរចាកាលពីលើកមុនរវាងប្រទេសទាំងពីរ ដោយប្រយោល បានត្រូវបញ្ឈប់​កាលពីខែ​មិថុនា ឆ្នាំ២០២៥ ដោយសារមានសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងគាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក ហើយនៅពេលនោះ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ជាគោលដៅវាយប្រហារ​ផង​ដែរ។

ប្រទេសអ៊ីរ៉ង់ ដែលកំពុងស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ ដែលកំពុងបង្ខំឲ្យសេដ្ឋកិច្ច​របស់​ខ្លួនអស់ខ្យល់ បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍មុនថា ចង់បានកិច្ចព្រមព្រៀង 'រហ័ស' ក្រោយ​មួយថ្ងៃពីសេចក្តីជូនដំណឹងចុងក្រោយដោយដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។

លោកអាប់បាស អារ៉ាហ្សជី ដែលដឹកនាំគណៈប្រតិភូអ៊ីរ៉ង់សម្រាប់ការចរចា បានអះអាង​កាល​ពី​ថ្ងៃសុក្រ ថា សេចក្តីព្រាងអត្ថបទកិច្ចព្រមព្រៀងមួយនឹងត្រៀមរួច ពីពេលនោះ ទៅពីរ ឬបីថ្ងៃ ហើយ​បន្ទាប់មកនឹងត្រូវបង្ហាញទៅកាន់សហរដ្ឋអាម៉េរិក។

 

Daily Program

Livesteam thumbnail