អេហ្ស៊ីបបានស្នើផែនការបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់កើនឡើង

ខណៈដែលចំនួនអ្នកស្លាប់បន្តកើនឡើងនៅក្នុងហ្គាហ្សា នៅពេលនេះប្រទេសអេហ្ស៊ីប បានកំពុងស្នើសុំបទឈប់បាញ់ថ្មីសម្រាប់តំបន់នេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សំណើរនេះ បានដាក់ចេញក្រោយពេលមានករណីមនុស្សស្លាប់បានកើនឡើងដល់ ៧០០ នាក់ ក្រោយបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់មកនោះ។​

អេហ្ស៊ីបបានស្នើផែនការបទឈប់បាញ់ថ្មីមួយ ដើម្បីស្ដារសន្តិភាពនៅតំបន់ហ្គាហ្សា ដែលជាវិធានការមួយ ខណៈដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦៥ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

សំណើសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីដែលបានណែនាំកាលពីសប្តាហ៍មុន បន្ទាប់ពីការកើនឡើងនៃអំពើហិង្សា ហើយអ៊ីស្រាអែលបានបន្តប្រតិបត្តិការតាមផ្លូវអាកាស និងជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់ ក្រោយ​​ផ្អាកការបាញ់គ្នារយៈពេលពីរខែ។ មន្ត្រីសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត ៧០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហារបានបន្តឡើងវិញ នៅក្នុងនោះស្ត្រី និងកុមារមានច្រើន។

បូករួម​ទាំង​ការស្លាប់ថ្មីៗ​នេះ ចំនួនអ្នកស្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ មាន​ដល់ជាង ៥ ម៉ឺននាក់ហើយ​។​

នៅក្រោមផែនការរបស់អេហ្ស៊ីបដែលទើបស្នើឡើង ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥ នាក់ក្នុងមួយសប្តាហ៍ ហើយ​អ៊ីស្រាអែលនឹងអនុវត្តដំណាក់កាល​ឈប់បាញ់បន្ទាប់ពីសប្តាហ៍ដំបូង។ ក្រុម​ហាម៉ាស​ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់​ចំណាប់​ខ្មាំង​៥៩​នាក់ ​ក្នុង​នោះ​២៤​នាក់​ត្រូវ​បាន​គេ​គិត​ថា​នៅ​រស់។ ខណៈពេលដែលសហរដ្ឋអាមេរិក និងក្រុមហាម៉ាស់បានយល់ព្រមលើសំណើនេះ អ៊ីស្រាអែលមិនទាន់មានការឆ្លើយតបនៅឡើយទេ។

ផែនការរបស់អេហ្ស៊ីបក៏រួមបញ្ចូល​នូវពេលវេលាកំណត់​ដែល​​អ៊ីស្រាអែល​ត្រូវ​ដក​ខ្លួន​ចេញពីតំបន់ហ្គាហ្សា ដែលគាំទ្រនិង​ធានាដោយ​សហរដ្ឋអាមេរិក ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករា ប៉ុន្តែទោះ​ជា​យ៉ាងណា អ៊ីស្រាអែល​នៅតែ​បើកចំហសម្រាប់ការចរចា៕

Daily Program

Livesteam thumbnail