អាស៊ីអាគ្នេយ៍កំពុងប្រឈមវិបត្តិស្បៀងអាហារព្រោះអាកាសធាតុប្រែប្រួល
ការស្ទង់មតិដែលទើបចេញផ្សាយថ្មីបានផ្សារភ្ជាប់ការប្រែប្រួលអាកាសធាតុទៅនឹងការកើនឡើងនៃអសន្តិសុខស្បៀងនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយ ៧០ ភាគរយនៃអ្នកដែលគេបានសម្ភាសន៍បានរាយការណ៍ពីបញ្ហាប្រឈមក្នុងការធានាបាននូវសន្តិសុខស្បៀងនៅក្នុងតំបន់។
វ៉ាទីកង់បានរាយការណ៍ថា ការកើនឡើងតម្លៃម្ហូបអាហារ និងការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានការកើនឡើងនូវកម្រិតអសន្តិសុខស្បៀងនៅទូទាំងអាស៊ីអាគ្នេយ៍។
យោងតាមរបាយការណ៍នៃការស្ទង់មតិអំពីអាកាសធាតុនៅអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ បានឲ្យដឹងថា ប្រហែល ៧០ ភាគរយនៃអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិអាកាសធាតុនៅឆ្នាំនេះដែលធ្វើឡើងដោយវិទ្យាស្ថាន ISEAS – Yusof Ishak បានរាយការណ៍ពីបញ្ហាប្រឈមក្នុងការធានាបាននូវអាហារគ្រប់គ្រាន់។
មួយភាគធំនៃអ្នកឆ្លើយសំណួរទាំងនេះ ពោលគឺប្រមាណជា ៤២,៥ ភាគរយជឿ ថា ស្ថានភាពកាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុនឹងបណ្តាលឲ្យ តម្លៃម្ហូបអាហារកើនឡើង ខណៈដែល ២៨,៨ ភាគរយបានកំណត់បង្ហាញថា ការប្រែប្រួលអាកាសធាតុថាជាកត្តាសំខាន់ដែលប៉ះពាល់ដល់លទ្ធភាពទទួលបានអាហារគ្រប់គ្រាន់។
ការស្ទង់មតិនេះបង្ហាញពីរបៀបដែលការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរនៅទូទាំងតំបន់ ផ្សេងៗដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះទីហ្វុង និងរលកកំដៅកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។
របាយការណ៍នេះបានគូសបញ្ជាក់ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលែងជាកង្វល់អនាគតដ៏ឆ្ងាយទៀតហើយ ប៉ុន្តែកំពុងប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស ជាពិសេសទាក់ទងនឹងការទទួលបានអាហារ។
ក្តីបារម្ភរបស់អ្នកឆ្លើយតបចំពោះផលប៉ះពាល់ដ៏ទូលំទូលាយនៃការប្រែប្រួលអាកាសធាតុក៏កំពុងកើនឡើងផងដែរ ដោយជិត ៦០ភាគរយរំពឹងថាជីវិតរបស់ពួកគេនឹងរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ក្រោយ។
លើសពីនេះ ជាងពាក់កណ្តាលជឿថាផលប៉ះពាល់សុខភាពនៃការប្រែប្រួលអាកាសធាតុនឹងធ្ងន់ធ្ងរ៕