អាម៉េរិក ទល់នឹងចិន ៖ សង្គ្រាមទណ្ឌកម្មប្រេងអ៊ីរ៉ង់ និងល្បែងកាត់ផ្តាច់ដង្ហើម​សេដ្ឋកិច្ច​ដែលជាការប្រឈមមុខដ៏លំបាក សម្រាប់ប្រទេសទាំងពីរ

ទីក្រុងវ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិកបានបើកយុទ្ធនាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចលើ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ជាថ្មីតាមរយៈការរឹតបន្តឹង "ទណ្ឌកម្មបន្ទាប់បន្សំ" (Secondary Sanctions) ប្រឆាំងនឹងក្រុមហ៊ុន ស្ថាប័ន និងបណ្តាប្រទេសទាំងឡាយណាដែលនៅតែបន្ត ធ្វើពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់។ រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្កុត បេសសេន (Scott Bessent) បានព្រមានយ៉ាងមុតមាំថា អ្នកបំពាននឹងត្រូវបណ្តេញចេញ ឬហាមឃាត់មិនឱ្យ ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដែលប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម៉េរិក។

ទោះបីជាវ៉ាស៊ីនតោនមិនបានបញ្ចេញឈ្មោះប្រទេសជាគោលដៅចំៗក៏ដោយ ប៉ុន្តែទិសដៅ​វាយ​ប្រហារនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាការ "តម្រង់ក្បាលព្រួញទៅរក​ទីក្រុង​ប៉េកាំង"។ លោកស្កុត បេសសេន បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅពីលើ​ទណ្ឌកម្ម​អាម៉េរិកនោះទេ ប្រសិនបើពួកគេដើរតួជាផ្នែកនៃប្រព័ន្ធអេកូឡូស៊ី ដែលបំប្លែងប្រេង​អ៊ីរ៉ង់​ទៅជាសាច់ប្រាក់។

ចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាអ្នកទិញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ (នាំចូល ប្រមាណ ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ) បានប្រតិកម្មយ៉ាងឆាប់រហ័ស។ លោកលីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានត្រឡប់ទៅវិញថា កិច្ចសហប្រតិបត្តិការ រវាងចិន និងអ៊ីរ៉ង់ គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិស្របច្បាប់ ហើយទីក្រុងប៉េកាំង នឹង ចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។

ផ្អែកតាមទិន្នន័យពី ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post) ក្រសួង​រតនាគារ​អាម៉េរិក​បាន​ចាប់ផ្តើម​ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួនរបស់ចិន និងហុងកុងជាង ១២ ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹងខ្សែចង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ នេះបង្ហាញថា យុទ្ធនាការ​ដំណាក់​កាល​ដំបូងរបស់អាម៉េរិក គឺផ្តោតលើ "បណ្តាញដឹកជញ្ជូនស្រមោល" (Shadow fleet) ដែលជាប្រតិបត្តិការក្រៅប្រព័ន្ធច្បាប់ទម្លាប់ធម្មតា ដោយមិនទាន់ប៉ះពាល់ដោយផ្ទាល់​ដល់​រោងចក្រ​ចម្រាញ់ប្រេងធំៗ ឬធនាគារយក្សៗរបស់ចិននៅឡើយទេ។

អ្នកវិភាគមើលឃើញថា អាម៉េរិកកំពុងដើរលើផ្លូវដ៏ប្រឈមមួយ។ អ្នកស្រីវ៉េនឌី គូតឡើ (Wendy Cutler) អនុប្រធានជាន់ខ្ពស់នៃវិទ្យាស្ថានអេហ្ស៊ៀ សូសាយអឺតអី (Asia Society) បាន​លើកឡើងថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាក គឺរវាងការ​ព្យាយាម​​កាត់​ផ្តាច់​​អ៊ីរ៉ង់​ផ្នែកសេដ្ឋកិច្ច ក្នុងពេលជាមួយគ្នាត្រូវរក្សាស្ថិរភាពនៃទំនាក់ទំនង​រវាង​ចិន និង​អាម៉េរិក»។

ប្រសិនបើអាម៉េរិកចង់កាត់ផ្តាច់ការទិញប្រេងរបស់ចិនឱ្យមានប្រសិទ្ធភាពពិតប្រាកដ ទីក្រុង វ៉ាស៊ីនតោន​ត្រូវតែដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើធនាគារ និងរោងចក្រចម្រាញ់ប្រេងរដ្ឋធំៗ​របស់​ចិន។ អាម៉េរិកត្រូវតាមប្រមាញ់ និងរំខានបណ្តាញក្រុមហ៊ុន​ស្រមោលរាប់រយ​ដែល​ចាក់​ក្រឡា​​ពេញ​តំបន់អាស៊ី និងមជ្ឈិមបូព៌ា។

ជាការវិភាគ នៅពេលអាម៉េរិក ​ដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន ព្រមានធនាគារចិន និង​ដាក់​ទណ្ឌកម្ម​លើរោងចក្រចម្រាញ់ប្រេងចិន ដូចជាករណី ក្រុមហ៊ុនហេនលី ប៉េត្រូ​គីមី។ ពួកគេ​​ប្រឈម​នឹង​ហានិភ័យ​ធ្វើឲ្យសេដ្ឋកិច្ចបែកបាក់ទាំងស្រុងជាមួយប្រទេសចិន។ ហើយ​អាម៉េរិក​​ក៏ពិបាកក្នុង​ត្រួត​ពិនិត្យបណ្តាញស្រមោលរាប់រយដែលកំពុងកើនឡើងដែរ។

ចំណែកប្រទេសចិនដែលបាន​តបត​ដោយ​ព្យាយាមបង្កើតប្រព័ន្ធហិរញ្ញវត្ថុស្របគ្នានឹងប្រាក់​ដុល្លារ គឺ​មាន​ការលំបាក ហើយចិនចេញបញ្ជា​កុំ​ឱ្យ​ក្រុមហ៊ុនចិនអនុវត្តតាមទណ្ឌកម្មអាម៉េរិក។ ប៉ុន្តែវិធាន​ការ​តបតរបស់ចិននៅមានកម្រិត​។ ចិន​អាចការពារក្រុមហ៊ុនពីទណ្ឌកម្មក្នុងស្រុក​បាន ប៉ុន្តែមិន​អាចរារាំងក្រុមហ៊ុន​ពីការ​បាត់បង់​​សិទ្ធិ​ប្រើប្រាស់ប្រាក់ដុល្លារ និងទីផ្សារអាម៉េរិក​ឡើយ។

 

Daily Program

Livesteam thumbnail
khmer popup image