អាជ្ញាធរមីនកម្ពុជា ច្រានចោលការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ច្រានចោលដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

យោងតាមលិខិតរបស់ CMAA នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះថា កម្ពុជាសូមបញ្ជាក់ថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋានធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។ កម្ពុជាមិនមានប្រើប្រាស់មីនប្រឆាំងមនុស្ស ចាប់តាំងពីបានចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ ខ្ជាប់ នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុង សកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា។

អាជ្ញាធរមីនបញ្ជាក់ថា ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើនពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០។ ថៃតែងតែធ្វើសកម្មភាពបោសសម្អាតមីន និងសកម្មភាពផ្សេងៗ ដោយឯកតោភាគីនៅតាមបណ្តោយព្រំដែន ដោយគ្មានការសម្របសម្រួលគ្មានតម្លាភាព ហើយមិនគោរពតាមយន្តការដែលមានស្រាប់។ ទង្វើបែបនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងផ្ទុយទៅនឹងស្មារតីមនុស្សធម៌ និងសហប្រតិបត្តិការ របស់អនុសញ្ញាអូតាវ៉ា។ សកម្មភាពមីនមនុស្សធម៌ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនជា សកម្មភាពឯកតោភាគី ឬដើម្បីបម្រើគោលបំណងនយោបាយឡើយ។

អាជ្ញាធរមីន បញ្ជាក់ថា សកម្មភាពមីនរបស់កម្ពុជា មានតម្លាភាពមានភាពឈានមុខ និងស្របតាមគោលការណ៍មនុស្សធម៌។ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ដែលបានទទួលស្គាល់ដោយសហគមន៍ អន្តរជាតិ។ កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីនជាង៣ពាន់គីឡូម៉ែតការ៉េ ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សប្រមាណជាង ១,២លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់។ កម្ពុជាគាំទ្រយ៉ាងមុតមាំដល់សកម្មភាពបោសសម្អាតមីន និងមិន ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ប្រទេសជិតខាងឡើយ។ កម្ពុជាតែងតែជំរុញ និងពង្រឹងការបោសសម្អាតមីនមនុស្សធម៌ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈការសន្ទនា ការព្រមព្រៀងរវាងគ្នានិងគ្នា និងការប្រើប្រាស់យន្តការរួមដែលមានស្រាប់ ដើម្បីធានាថាបញ្ហាព្រំដែនទាំងអស់ ត្រូវបានដោះស្រាយដោយសន្តិភាព និងប្រកបដោយវិជ្ជាជីវៈ។

បញ្ហាមនុស្សធម៌មិនគួរត្រូវប្រើប្រាស់ក្នុងនិន្នាការនយោបាយឡើយ។ កម្ពុជាសម្តែងនូវការព្រួយ បារម្ភយ៉ាងខ្លាំង ដោយឃើញថា ការចោទប្រកាន់ដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ និងមិនស្របតាមទិដ្ឋភាពបច្ចេកទេស ត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយ ហើយធ្វើឱ្យបាត់បង់ទំនុកចិត្ត និងបំផ្លាញវឌ្ឍនភាពដែលកម្ពុជាសម្រេចបានជាច្រើនទសវត្សរ៍កន្លងមកនេះ។ សកម្មភាពមីន គួរតែជាកិច្ចការមនុស្សធម៌ និងមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយណាមួយឡើយ។ កម្ពុជានៅតែឈរលើគោលការណ៍ភស្តុតាង កិច្ចសហការ និងយន្តការដែល មានស្រាប់ និងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ក្នុងសកម្មភាពមីន។

លិខិតដដែល បន្ថែមថា ថៃម្តងហើយម្តងទៀតបានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជារដ្ឋភាគី មានការប្តេជ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា។  ការប្រើប្រាស់បញ្ហាមីនដើម្បីបង្កសកម្មភាព និងបញ្ហានានាដោយថៃ បានរំលោភបំពានស្មារតីនៃអនុសញ្ញាអូតាវ៉ា និងធ្វើឱ្យមានភាពបែកបាក់វាងរដ្ឋភាគី និងសហគមន៍អន្តរជាតិ។

ថៃបានប្រើឧប្បត្តិហេតុផ្ទះមីនជាហេតុផស ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈ្លាន ពានលើទឹកដីកម្ពុជា ដោយផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន។ ថៃបានប្រើប្រាស់ឧប្បត្តិហេតុផ្ទះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគូឡាឡាំពួរ និងសេចក្តីថ្លែងការរួមគ្នា។

កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង និងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្នា មានការចូលរួមពីតួអង្គអព្យាក្រឹត និងគោរពយន្តការដែលមានស្រាប់ ចៀសវាងការចោទប្រកាន់ជាឯកតោភាគី ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់អនុសញ្ញាអូតាវ៉ា។ កម្ពុជា នៅតែបន្តប្តេជ្ញារក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាព និងគោរពតាមកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា៕

 

Daily Program

Livesteam thumbnail