អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងលោក សម្រាប់ឆ្នាំ២០២៦
អាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៦ (World’s Most Beautiful Airports 2026) នេះបើយោងតាមបញ្ជីដែលចេញផ្សាយដោយស្ថាប័ន Prix Versailles កាលពីថ្ងៃទី១៥ ខែមិថុនា។
យោងតាម Prix Versailles ទោះបីជាវាជានិមិត្តរូបនៃភាពថ្មីថ្មោងក៏ដោយ ក៏ព្រលានយន្តហោះដ៏ធំមួយនេះ ដែលមានទីតាំងស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញភ្លាមៗនូវភាពស្ថិតស្ថេរ និងរឹងមាំរបស់ខ្លួន។ ឈ្មោះរបស់អាកាសយានដ្ឋាននេះ គឺយកតាមគោរមងារដែលព្រះមហាក្សត្របានប្រោសប្រទានដល់វីរជនកាលពី ៥០០ ឆ្នាំមុន និងតំណាងឱ្យភាពមិនចេះចុះចាញ់របស់ប្រជាជនខ្មែរ។
ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានគ្របដណ្តប់ដោយដំបូលដ៏ធំមួយ ដែលផ្តល់អាទិភាពដល់ការដើរក្នុងចម្ងាយជិតពីកន្លែងចុះរថយន្តរហូតដល់តំបន់ឡើងយន្តហោះ ព្រមទាំងមានភាពងាយស្រួលក្នុងការរកទិសដៅ។ ដំបូលបែបម៉ូឌុល (modular) មានទម្រង់រលកដេញតាមលំដាប់ឡើងទៅខ្ពស់ចំកណ្តាលអគារ ដែលឆ្លុះបញ្ចាំងពីភាពស្កឹមស្កៃនៃព្រះបរមរាជវាំង និងប្រាសាទនានារបស់កម្ពុជា។ ពិ
ដានខាងក្នុងត្រូវបានបំផុសគំនិតចេញពីការត្បាញកន្ត្រកបែបប្រពៃណី និងមើលទៅដូចជាត្រូវបានត្បាញពីឫស្សី និងផ្តៅពិតៗ ដែលជួយកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធខ្យល់មេកានិច និងពន្លឺសិប្បនិម្មិតនៅពេលថ្ងៃ។ ដើមរំដួល ដែលជាផ្កាតំណាងជាតិ ត្រូវបានដាំដុះលម្អនៅតាមបណ្តោយផ្លូវធ្វើដំណើររបស់អ្នកដំណើរនៅក្នុងរចនាសម្ព័ន្ធអគារកណ្តាលដ៏ខ្ពស់ស្រឡះ។ ក្រុមហ៊ុន Foster + Partners សម្រេចបាននូវជោគជ័យផ្នែកបរិស្ថាននៅទីនេះ ដោយបានបញ្ជូលគ្នាយ៉ាងផ្ចិតផ្ចង់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយនឹងមរតកវប្បធម៌រាប់សតវត្សរ៍ នៅក្នុងបរិយាកាសដ៏ភ្លឺស្វាង និងមានខ្យល់អាកាសបរិសុទ្ធជាទីបំផុត។
អាកាសយានដ្ឋាន និងស្ថានីយអ្នកដំណើរដទៃទៀតដែលត្រូវបានរាប់បញ្ចូលក្នុងបញ្ជីឆ្នាំ២០២៦ រួមមាន៖ ស្ថានីយអ្នកដំណើរទី៣ នៃអាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ក្នុងប្រទេសចិន, ស្ថានីយអ្នកដំណើរទី៣ នៃអាកាសយានដ្ឋាន Frankfurt ក្នុងប្រទេសអាល្លឺម៉ង់, ស្ថានីយអ្នកដំណើរទី២ នៃអាកាសយានដ្ឋានអន្តរជាតិ Lokapriya Gopinath Bardoloi ក្នុងទីក្រុង Guwahati ប្រទេសឥណ្ឌា, ស្ថានីយអ្នកដំណើរទី១ នៃអាកាសយានដ្ឋានអន្តរជាតិ Navi Mumbai ក្នុងប្រទេសឥណ្ឌា, អាកាសយានដ្ឋានអន្តរជាតិ Pittsburgh ក្នុងសហរដ្ឋអាមេរិក និងស្ថានីយអ្នកដំណើរទី១ នៃអាកាសយានដ្ឋានអន្តរជាតិ San Diego ក្នុងសហរដ្ឋអាមេរិក។
គម្រោងទាំងប្រាំពីរនេះ ដែលគម្រោងនីមួយៗបង្ហាញពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បានបង្ហាញឱ្យឃើញពីរបៀបដែលអាកាសយានដ្ឋាននានានាពេលបច្ចុប្បន្ន កំពុងងាកចេញពីស្តង់ដារចាស់ៗ ដើម្បីផ្តល់ជូនពិភពលោកនូវទស្សនវិស័យដែលកាន់តែសម្បូរបែប និងសុខដុមរមនាជាងមុន។ អាកាសយានដ្ឋាន និង/ឬស្ថានីយអ្នកដំណើរចំនួនបី ពីក្នុងបញ្ជីឆ្នាំ២០២៦ នេះ ក៏នឹងទទួលបានពានរង្វាន់កម្រិតពិភពលោក (World Title រួមមាន Prix Versailles ផ្នែកខាងក្នុង ឬខាងក្រៅ) ដែលនឹងត្រូវប្រកាសរង្វាន់នៅចុងឆ្នាំនេះ។
ពានរង្វាន់ដែលផ្តល់ដោយ Prix Versailles មានគោលបំណងលើកកម្ពស់និរន្តរភាពឆ្លាតវៃ ដែលក្នុងនោះវប្បធម៌ដើរតួជាអ្នកបម្រើ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ កាលពីពេលថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ត្រូវបានជាប់ចំណាត់ថ្នាក់លេខប្រាំទូទាំងពិភពលោក ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតក្នុងលោក ដោយស្ថាប័ន Skytrax ក្រោមពានរង្វាន់ Skytrax World Airport Awards 2026។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ស្ថិតនៅលើផ្ទៃដីជាង ២,៦០០ ហិកតា ដែលលាតសន្ធឹងលើឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកនៃស្រុកបាទី ខេត្តតាកែវ អាកាសយានដ្ឋាននេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ដោយត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4F ដែលជាប្រភេទខ្ពស់បំផុតក្រោមស្តង់ដារអាកាសចរណ៍សកល អាកាសយានដ្ឋាននេះមានសមត្ថភាពអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះដឹកអ្នកដំណើរធំបំផុតមួយចំនួនក្នុងលោក ដូចជា Airbus A380 និង Boeing 747 ផងដែរ។