អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព​ ស្ងៀមស្ងាត់ ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។

លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។

លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ” ហើយព្រះយេស៊ូនោះឯង “នឹងត្រូវសោយទិវង្គតនៅលើឈើឆ្កាងយ៉ាងអាម៉ាស់បំផុត” ដោយសារការស្អប់ និងអំណាចអយុត្តិធម៌។

ក្នុងលិខិត​ដែលមាន​ចំនួន​៣ទំព័រ​ ចេញផ្សាយ​លើ​បណ្ដាញសង្គម​ផ្ទាល់​របស់​លោក​នាថ្ងៃម្សិលមិញនេះ បាន​បញ្ជាក់​ថា ភាពស្ងៀមស្ងាត់ក្នុងព្រះគម្ពីរមានន័យជាការអធិដ្ឋាន ដូចដែលបានចែងទុក​ក្នុង​គម្ពីរ​ថា «រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត» (លូកា ២,១៩)។

ប៉ុន្តែលោកអភិបាលអូលីវីយ៉េ បានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្ងៀមស្ងាត់នៅក្នុងសង្គមសព្វថ្ងៃគឺមិនអាចទទួលយកបានទេ។ លោកសរសេរថា «អ្វីៗដែលយើងបានឃើញក្នុងថ្ងៃនេះ ណែនាំឱ្យយើងចេះអធិដ្ឋាន មិនមែននាំឱ្យយើងនៅស្ងៀមស្ងាត់នោះទេ!»

ក្នុងលិខិតនេះ លោកបានរាយនាមប្រទេសដែលកំពុងរងវិបត្តិសង្គ្រាម​ដ៏​សោកសៅ​នោះគឺ​ អ៊ុយក្រែន កាហ្សា កម្ពុជា វេណេស៊ុយអេឡា ហើយ​បាន​ចោទ​សួរថា «តើអំណាចពិតជាស្ថិតនៅក្នុងដៃរបស់អ្នកខ្លាំងបំផុតមែនឬ?»

លោកគង្វាលព្រះសហគមន៍​បានរិះគន់អំពី​ការបំផ្លាញតម្លៃលិទ្ធិប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ដែលត្រូវបានកសាងអស់រយៈពេលជាង ២៥០០ ឆ្នាំ។

ជាពិសេស លោកបានលើកឡើងអំពីស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា ដោយសរសេរថា ខណៈពិភពលោកកំពុងជជែកអំពីវេណេស៊ុយអេឡា «គ្រឿងចក្ររបស់ទាហានថៃកំពុងឈូសឆាយបំផ្លាញផ្ទះរបស់ប្រជាជនកម្ពុជារាប់គីឡូម៉ែត្រ»។

លោកបានបន្តដោយពាក្យដ៏ខ្លាំង «ពិភពលោកនៅស្ងៀមស្ងាត់! ស្ថាប័នអន្តរជាតិនានានៅស្ងៀមស្ងាត់! ស្ងាត់ឈឹងតែ​ម្តង!»

លិខិតនេះក៏រំលេចពីការបំផ្លាញប្រាសាទ និងបេតិកភ័ណ្ឌមនុស្សជាតិ ព្រមទាំងស្ថានភាពវេទនារបស់ប្រជាជន និងកុមាររាប់សែននាក់នៅក្នុងជំរំភៀសសឹកនៅកម្ពុជា​ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «អ្វីដែលមិនត្រូវមានជាដាច់ខាត គឺការស្ងៀមស្ងាត់!»។

លោកអភិបាលបានអំពាវនាវឱ្យមានភាពស្ងៀមស្ងាត់ដើម្បី​អធិដ្ឋាន ដើម្បីសុំប្រាជ្ញា និងការបំភ្លឺពីព្រះជាម្ចាស់ ប៉ុន្តែមិនមែនស្ងៀមស្ងាត់ក្នុងការមើលរំលងអំពើអយុត្តិធម៌នោះឡើយ។ លោកបានព្រមានថា ភាពស្ងៀមស្ងាត់បែបនេះធ្វើឱ្យមនុស្សស្លូតត្រង់ «ត្រូវគេជិះជាន់ និងមើលងាយ» ហើយធ្វើឱ្យតម្លៃជីវិតមនុស្សត្រូវបានបែងចែកខុសៗគ្នា។

លិខិតនេះបានបញ្ចប់ដោយការដកស្រង់ទំនុកតម្កើង និងពាក្យរបស់សម្តេចប៉ាប ឡេអូ ទី១៤ ដែលបានមានបន្ទូលថា «សេចក្តីសុចរិត មានអំណាចរំលាយរាល់អាវុធទាំងឡាយ» និងដោយសេចក្តីសង្ឃឹមថា «សហគមន៍នីមួយៗនឹងក្លាយទៅជា “ផ្ទះសន្តិភាព”»។

ប្រទេស​កម្ពុជា​រងការឈ្លានពានពី​ប្រទេស​ថៃ​ជាច្រើន​លើក ហើយ​ចាប់តាំង​ពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥មក ដល់​សង្គ្រាម​២១ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​បញ្ចប់កាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៥​​ ដោយ​មាន​បទ​ឈប់បាញ់​៧២ម៉ោង​បន្ត​រហូតមក​ដល់​ថ្ងៃនេះ បាន​បណ្ដាល់ឲ្យមានជន​ស៊ីវិល​ស្លាប់​ចំនួន​៣០នាក់ និង​រងរបួសធ្ងន់ស្រាល​ជាច្រើន​ ហើយ​ក៏មាន​ជនភៀសសឹក​កន្លះលាននាក់ដែល​ចាកចេញទៅរស់នៅ​ទីមានសុវត្ថិភាព​។​

ក្រោយ​បទ​ឈប់បាញ់ ​យោធាថៃ​បានកំពុង​ឈរជើង​នៅ​លើទឹកដីកម្ពុជា​ចំនួន​១៤ទីតាំង ដែលកត្តានេះ​បង្កឲ្យ​ប្រជាជជន​ភៀសសឹក​និង​កូនៗរបស់ពួកគេ​មិន​អាចវិលត្រឡប់​ទៅ​ផ្ទះ​សម្បែង​បាន​វិញ ដោយរង់ចាំ​ការចចារ​និង​សម្របសម្រួលពី​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ៕

Daily Program

Livesteam thumbnail