អនុរដ្ឋលេខាធិការក្រសួង​ព័ត៌មានមួយរូបត្រូវបានចាប់ និង​ឃុំខ្លួនទាក់ទងនឹង​ចេញសែកអត់លុយ

សាលាដំបូងរាជធានីភ្នំពេញ បានចេញ​ដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលោក កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ជាអនុរដ្ឋលេខាធិការក្រសួង​ព័ត៌មាន​ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកអត់លុយចំនួន៥២ម៉ឺនដុល្លារ)»។

យោងតាម​ដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួន ដែលចុះហត្ថលេខាដោយ​ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ សុខុម សុជាតា ចុះថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​ ដែល​RVA Khmer ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៤នេះ។

ដីកានេះ​បាន​លើកឡើងថា ៖ «កែវ វិសាធសុទ្ធា (ហៅ កែវ សុធា)ជាប់ចោទពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់»។

ដីកាដដែល​បានបញ្ជាក់ទៀតថា តាមសាលក្រមព្រហ្មទណ្ឌលេខ ៤៤១៨ “អ” ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់សាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឈ្មោះ កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ ដោយគ្មានការព្យួរទោស។

ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេច​បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រា​វជ្រាវរកចាប់ខ្លួន និងឃុំខ្លួនឈ្មោះ កែវ វិសាធសុទ្ធា (ហៅ កែវ សុធា) ​ទៅក្នុងពន្ឋនាគារ ឬមណ្ឌលឃុំខ្លួន នៃក្រសួងមហាផ្ទៃ៕

 

Daily Program

Livesteam thumbnail