អត្តពលិកជាតិ-អន្តរជាតិជិត១៤០០០នាក់ចូលរួមទិវា«រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង»អង្គរវត្ត

ព្រឹត្តិការណ៍ទិវា«រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង»អង្គរវត្ត បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី ១ ធ្នូ ឆ្នាំ២០២៤នេះ។ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស។

ដូចការគ្រោងទុកនៅព្រឹកព្រលឹមថ្ងៃទី ១ ធ្នូនេះ ព្រឹត្តិការណ៍ទិវា«រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង»អង្គរវត្ត បានចាប់ផ្តើមដោយមានអត្តពលិកជាតិ និង អន្តរជាតិចូលរួមប្រមាណជិត ១៤០០០នាក់ កើនជាង៣០ភាគរយ បើធៀបជាមួយ​នឹងព្រឹត្តិការណ៍ឆ្នាំ២០២៣ ក្នុងនោះក៏មានវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ថ្នាក់ដឹកនាំជាងច្រើននាក់ចូលរួមរត់អបអរទិវានេះ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ចែក​ចេញ​ជា ៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និង វិញ្ញាសា ២១គីឡូម៉ែត្រ។ចំណែក វិញ្ញាសាសម្រាប់អត្តពលិកមានពិការភាព រួមមាន៖ វិញ្ញាសាប្រណាំងរទេះជនមានពិការភាពចម្ងាយ ២១គីឡូម៉ែត្រ មានចំនួន២៣នាក់,វិ​ញ្ញា​​សារ​ត់​ប្រណាំងជនពិការជើងចម្ងាយ១០គីឡូម៉ែត្រ ចំនួន២៣នាក់, វិញ្ញាសារត់ប្រណាំងជនពិការដៃចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៣នាក់។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និង បរទេស ប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។

បើតាមសម្តេច កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និង ជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី អរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន៕

 

Daily Program

Livesteam thumbnail