អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ ត្រូវបានកោះហៅតាមដីកា ឃាត់ខ្លួនអន្តរជាតិ

អតីតមេដឹកនាំ​ហ្វ៊ីលីពីន វ័យ ៧៩ឆ្នាំ លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ ទើបតែបានបញ្ចប់កាធ្វើ​ដំណើរ​មួយរយៈ​​ពេល​ខ្លីមកពី​ទីក្រុងហុងកុង លោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ទី១១ ខែមីនា បន្ទាប់ពីការចុះចតនៅ ព្រលានយន្តហោះទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន​យោងតាមដីកា​ឃាត់​ខ្លួន​នៃតុលាការ ទីក្រុងឡាអេ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់សង្រ្គាម​កាប់​សម្លាប់​​របស់លោកប្រឆាំងនឹងគ្រឿងញៀន ក្នុងប្រទេសហ្វ៊ីលីពីនក្នុងអំឡុងលោកកាន់​អំណាច។

អតីតមេដឹកនាំហ្វីលីពីន (ពីឆ្នាំ២០១៦-២០២២) លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ ត្រូវបានចោទប្រកាន់​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាប់សម្លាប់ ក្នុងការបង្រ្កាបលើសកម្មភាព​គ្រឿង​ញៀន ដែលក្រុមអ្នកការពារសិទ្ធមនុស្សបានវាយតម្លៃថា មានមនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើន​ជាជន​​ក្រីក្រ ត្រូវបានសម្លាប់ដោយប៉ូលីស និងក្រុមកម្លាំងស្វ័យការពារហ្វីលីពីន ហើយដែល​ជា​ញឹកញាប់ គឺគ្មានអ្វីបង្ហាញថា ពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

នៅក្នុងសេចក្តីប្រកាសមួយមេប៉ូលីសអាំងទែប៉ូលទីក្រុងម៉ានីល បានរៀបរាប់ថា ៖ “ពេលព្រឹក​ភ្លាម​​ ប៉ូលីស អាំងទែប៉ូលទីក្រុងម៉ានីល បានទទួលឯកសារចម្លងផ្លូវការនៃដីកា​ឃាត់ខ្លួន​ដែល​ចេញដោយ ICC ។”

កាលពីអតីតកាលកន្លងមក លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ ជានិច្ចកាលបានការពារ​ការបង្រ្កាប​ប្រឆាំង​​គ្រឿងញៀនរបស់លោក និងបដិសេធថាបានបញ្ជាឲ្យប៉ូលីស​វាយប្រហារលើ​ជន​សង្ស័យ​​ក្រៅ​​ក្របខណ្ឌនៃច្បាប់ការពារខ្លួន។

អតីតប្រធានាធិបតីហ្វីលីពីន នៅតែជាបុគ្គលដែលមានប្រជាប្រិយភាពខ្លាំងសម្រាប់មនុស្សជា​ច្រើន​នៅប្រទេសហ្វីលីពីនដែលបានគាំទ្រដំណោះស្រាយដ៏រហ័សរបស់លោកចំពោះឧក្រិដ្ឋ​កម្មគ្រឿងញៀន។ លោកនៅតែសល់កម្លាំងនយោបាយដ៏ខ្លាំង នៅប្រទេសហ្វ៊ីលីពីន។

លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ កើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៤៥ នៅទីក្រុងម៉ាអាស៊ីន ប្រទេស​ហ្វ៊ីលីពីន។ ជាសមាជិកគណបក្ស PDP-Laban លោក​ជាប់​ឆ្នោត​ធ្វើជាប្រធានាធិបតីហ្វ៊ីលីពីន​ពី​ឆ្នាំ​​២​០១៦ ដល់ឆ្នាំ២០២២។

បន្ទាប់ពីចូលកាន់តំណែង លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ បានធ្វើសន្និសីទកាសែតនៅសង្កាត់តុងដូ ទីក្រុងម៉ានីល ដែលលោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើឃាតទាំងអ្នកជួញដូរគ្រឿងញៀន និង​​​អ្នកញៀនគ្រឿងញៀន។

នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១៦ លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ បង្ហាញឈ្មោះប៉ូលីស ៥នាក់ សង្ស័យ​ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀន។ នៅថ្ងៃនោះដែរ កាសែត Philippine Daily Inquirer បានបញ្ចេញបញ្ចីមួយ Kill List ឬ បញ្ជីសម្លាប់ និយាយម្យ៉ាងទៀត គឺជាបញ្ជីឈ្មោះ​នៃម​នុស្ស​ទាំងឡាយជាជនរងគ្រោះនៃការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ដែលផ្សាយជាទៀងទាត់​រហូត​ដល់​ថ្ងៃ​​ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ បង្ហាញភាពត្រឹមត្រូវសម្រាប់សង្រ្គាមបូជាប្រឆាំងនឹងគ្រឿងញៀន និង​បញ្ជាក់ថា ប្រទេសហ្វ៊ីលីពីនកំពុងក្លាយជារដ្ឋគ្រឿនញៀន។ ប៉ុន្តែបើយោងតាមការិយាល័យនៃ​អង្គការ​​សហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានបង្ហាញថា អត្រា​ប្រើប្រាស់​គ្រឿន​ញៀននៅក្នុងប្រទេសហ្វ៊ីលីពីនគឺនៅក្រោមកម្រិតមធ្យម​ពិភពលោកនៅឡើយទេ។

គេសន្និដ្ឋានថា បន្ទាប់ពី ៤ខែ នៃអណត្តិប្រធានាធិបតីរបស់លោករ៉ូឌ្រីហ្គ៉ូ ឌុយទែតេ មាន​ការ​សម្លាប់​ជាសរុប យ៉ាងហោចណាស់ មនុស្ស ៣៧០០នាក់ នៅក្នុងក្របខណ្ឌនៃយុទ្ធនា​ការ​ប្រឆាំង​នឹងអ្នកជួញដូរគ្រឿងញៀន។ បន្ទាប់ពី ៦ខែ នៅខែមករា ឆ្នាំ២០១៧ ការវាយតម្លៃ​បង្ហាញថា មានជនរងគ្រោះ ២០០០នាក់ សម្លាប់ដោយប៉ូលីសផ្ទាល់ គ្មានជំនុំជម្រះ និង​យ៉ាង​ហោចណាស់មនុស្ស ៥០០០នាក់ សម្លាប់ ដោយក្រុមកម្លាំងប្រដាប់អាវុធផ្សេងៗ។ នៅចុង​ក្រោយ ឆ្នាំ​២០១៨ គេវាយតម្លៃអំពីលទ្ធផលនៃសង្រ្គាមប្រឆាំងគ្រឿងញៀននេះ​ធ្វើឲ្យមានជន​រង​គ្រោះ​មាន​ប្រមាណ ៣០០០០នាក់។

 

Daily Program

Livesteam thumbnail