អង្គការសហប្រជាជាតិព្រមានពិភពលោកអំពីកម្មវិធីសង្គ្រោះនៅហ្គាហ្សា
អង្គការសហប្រជាជាតិបានព្រមានថា ការងាររបស់ខ្លួនក្នុងការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាគឺស្ថិតនៅចំណុចបំបែក បន្ទាប់ពីអ្វីដែលខ្លួនបាននិយាយថា ជា "គំរូប្រកបដោយចេតនា និងគ្រោះថ្នាក់" នៃការបំផ្លិចបំផ្លាញ និងការរំខានដោយកងទ័ពអ៊ីស្រាអែល និងក្រុមក្មេងទំនើងប៉ាឡេស្ទីន។
លោក ថម ភ្លិតឈ័ (Tom Fletcher ) អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់នៃអង្គការសហប្រជាជាតិ បាននិយាយថា ទោះបីជាមានការប្តេជ្ញាចិត្តក្នុងការផ្តល់អាហារ ទឹក និងថ្នាំសង្កូវដល់ជនរងគ្រោះក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការជួយសង្គ្រោះជីវិតអ្នករងគ្រោះបានឈានដល់ចំណុចបំបែក។
លោកបាននិយាយថា សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអ៊ីស្រាអែល បានកំពុងប្រមាថដល់បុគ្គលិកជំនួយរបស់អង្គការសហប្រជាជាតិ។
ក្រៅពីនោះ រឿងដែលក្តៅគគុកមួយទៀតគឺអ៊ីស្រាអែលបានប្រកាសមិនទទួលយកបេសកជនថ្មីរបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ អន់តូនីញ៉ូ ហ្គោតេរ៉េស( Antonio Guterres ) សម្រាប់តំបន់ មជ្ឈិមបូព៌ាថ្មីទេ។
អ៊ីស្រាអែលបានស្នើឲ្យលោក អន់តូនីញ៉ូ បញ្ជូនអ្នកថ្មីជំនួសអតីតរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ប៉េកា ហាអាវីស្តូ (Pekka Haavisto) ដោយសារតែលោក ជាអ្នកដែលធ្លាប់រិះគិតអ៊ីស្រាអែល៕