អង្គការសហប្រជាជាតិប្រកាសថា ខ្វះមូលនិធិជួយនៅ​ហ្គាហ្សា

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននិ​យាយថា ខ្លួនមានមូលនិធិសម្រាប់ទ្រទ្រង់ប្រតិបត្តិការរហូតដល់ត្រឹមចុងខែសីហាប៉ុណ្ណោះ។

ដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរកំពុងតែកើតមាន សន្និសីទអន្តរជាតិមួយ ត្រូវបានគ្រោងនឹងធ្វើឡើងនៅសប្តាហ៍នេះ ដើម្បីព្យាយាមធានាបាននូវមូលនិធិគ្រប់គ្រាន់ដើម្បីរ៉ាប់រងការចំណា​យរបស់ខ្លួន និងបន្តសេវាកម្មមនុស្សធម៌នៅហ្គាហ្សា។

នៅលើទឹកដីនេះ អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានទទូចថា បទបញ្ជា ជម្លៀសចេញពីទីក្រុងហ្គាសារបស់អ៊ីស្រាអែលចុងក្រោយនេះ ជារឿង​បន្ថែមការឈឺចាប់ដល់ប្រជាជនប៉ាឡេស្ទីន។

​ប្រភពដដែលបានលើកឡើងថា ផែនការជម្លៀសខ្លួនក៏កំពុងបង្ខំឱ្យអង្គការជំនួយជាច្រើន ប្រ​ញាប់រៀបចំការងាររបស់ពួកគេឡើងវិញនៅក្នុងតំបន់ផ្សេងៗគ្នា។ ជាឧទាហរណ៍ កម្មវិធីស្បៀ​ងអាហារពិភពលោកបាននិយាយថា ស្ថានភាពមិនស្ថិតស្ថេរ និងគ្រោះថ្នាក់សម្រាប់អ្នកនៅក្នុងទីក្រុង ហ្គាសា ធ្វើឱ្យរាំងស្ទះដល់ប្រតិបត្តិការរបស់ខ្លួន។

មុននេះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប និងសមភាគីហ្ស៊កដានីបានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រមុខការទូត​ទាំង​ពីរ​បាន​​​ច្រានចោល​ទាំងស្រុង​ចំពោះ​គោលនយោបាយ​របស់​អ៊ីស្រាអែល​អំពី​កា​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន​ចេញពី​ទឹកដី​របស់ពួកគេ។

យោងតាមក្រុមប្រឹក្សាសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស់របស់ហ្គាហ្សា ចំនួនអ្នកស្លាប់នៅប៉ាឡេស្ទីននាក្រុងហ្គាហ្សាចាប់តាំងពីខែតុលាមកដល់​ឥឡូវនេះបានឡើងដល់ ៣៨.២៤៣ នាក់ ។

អ៊ីស្រាអែលបាននិងកំពុងវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹក​ក្រុមហាម៉ាសដែល​បាន​វាយប្រហារ​លើអ៊ីស្រាអែលកាលពីឆ្នាំមុន និង​បានសម្លាប់មនុស្សចំនួន ១​២០០ នាក់៕

Daily Program

Livesteam thumbnail