អង្គការការីតាស អ៊ីតាលី ផ្តល់ជំនួយសំខាន់ៗដល់ពលរដ្ឋស៊ូដង់ខាងត្បូង
នៅពេលដែលស៊ូដង់ខាងត្បូងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងពិភពលោក គណៈប្រតិភូមកពីការីតាស អ៊ីតាលី បានធ្វើទស្សនកិច្ចជំរំសម្រាប់ជនភៀសខ្លួន និងបានសម្រេចចិត្តផ្តល់ជំនួយសំខាន់ៗមួយចំនូន ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រទេសស៊ូដង់ខាងត្បូង គឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ ដោយសារវាជាជម្រកនៃឧស្ម័នធម្មជាតិ មាស អាលុយមីញ៉ូម និងប្រាក់។ យ៉ាងណាក៏ដោយ យោងតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង និងសូម៉ាលី គឺជាប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។ អស់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសស៊ូដង់ខាងត្បូងបាននឹងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន៖ ទឹកជំនន់ញឹកញាប់ លំហូរចូលនៃជនភៀសខ្លួន ជម្លោះដែលកំពុងបន្ត និងជនភៀសខ្លួនដែលភៀសខ្លួនចេញពីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ជិតខាង។
មនុស្សជាង ១៥0.000 នាក់បានស្លាប់ និងជាង ១២ លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះនៅប្រទេសស៊ូដង់ ដោយសារសង្គ្រាមស៊ីវិល វាគឺជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងពិភពលោក។ ចាប់តាំងពីអំពើហិង្សាបានចាប់ផ្តើមនៅឆ្នាំ ២០២៣ មនុស្សជាងកន្លះលាននាក់បានមកដល់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីស្វែងរកសុវត្ថិភាព និងទីជម្រក។
ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ការីតាស ជាអង្គការមនុស្សធម៌មួយដែលបានជួយពលរដ្ឋនៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ ។
នៅពេលនេះការីតាស បាននិងកំពុងផ្តល់ជំនួយ និងការគាំទ្រនូវតម្រូវការ ច្រើនដល់សហគមន៍ក្នុងប្រទេសស៊ូដង់ខាងត្បូង រួមទាំងជំនួយជាសាច់ប្រាក់ ការទទួលបានទឹកស្អាត សម្ភារៈអនាម័យ កន្លែងសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារី និងការប្រឹក្សាយោបល់។ លើសពីនេះ ការីតាស ក៏បានផ្តល់ការគាំទ្រដល់វិស័យកសិកម្ម និងផ្តល់ជំនួយសំខាន់ៗសម្រាប់សហគមន៍មូលដ្ឋាន ដែលងើបឡើងវិញពីអំពើហិង្សាផ្ទៃក្នុង និងទឹកជំនន់ដ៏បំផ្លិចបំផ្លាញជាងពីរឆ្នាំ៕