អង់គ្លេសបន្ថែមកម្មវិធីអាហារូបករណ៍«Chevening ASEAN»
កម្មវិធីអាហារូបករណ៍«Chevening ASEAN» ជាកម្មវិធីមួយបន្ថែមពីលើកម្មវិធីអាហារូបករណ៍ Chevening។ ការពង្រីកគម្រោងអាហារូបករណ៍នេះគឺមានគោលបំណងបណ្ដុះបណ្តាលអនាគតអ្នកដឹកនាំមកពីប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត។
កម្មវិធីអាហារូបករណ៍ Chevening ASEAN របស់ចក្រភពអង់គ្លេស បានចាប់ផ្ដើមនៅក្នុងឆ្នាំនេះ។ គ្រោងការនេះ បន្ថែមពីលើកម្មវិធីអាហារូបករណ៍ Chevening ដែលនូវឱកាសដែលទទួលបានមូលនិធិយ៉ាងពេញលេញសម្រាប់ជ័យលាភីអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យកំពូលរបស់ចក្រភពអង់គ្លេស ក៏ដូចជាឱកាសបន្ថែមតាមតម្រូវការផងដែរ។ បេក្ខជនទាំងអស់មកពីក្នុងតំបន់នឹងត្រូវបានពិចារណាដោយស្វ័យប្រវត្តិសម្រាប់អាហារូបករណ៍អាស៊ាន លុះត្រាតែពួកគេជ្រើសរើសមិនចូលរួម។
លោកស្រី Sarah Tiffin ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅអាស៊ាន មានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមនេះមិនត្រឹមតែផ្តល់ឱកាសពិសេសសម្រាប់បុគ្គលដែលមានទេពកោសល្យក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យជ័យលាភីអាហារូបករណ៍ ASEAN Chevening ជាមួយនឹងកម្មវិធីបន្ថែមតាមតម្រូវការ ការអញ្ជើញជាអាទិភាពចំពោះព្រឹត្តិការណ៍សំខាន់ៗ និងការចូលរួមជាមួយបណ្តាញអតីតនិស្សិតអាហារូបករណ៍ ASEAN Chevening ថ្មី។ វាគឺជាឯកសិទ្ធិក្នុងការពង្រឹងជ័យលាភីអាហារូបករណ៍អាស៊ានទាំងនេះ តាមរយៈឱកាសអប់រំដ៏អស្ចារ្យនេះ និងបទពិសោធដែលមិនអាចកាត់ថ្លៃបាន។
លោក កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា អាហារូបករណ៍នេះមិនមែនគ្រាន់តែជាឱកាសសិក្សាទេ វាគឺជាកាតាលីករដ៏មានឥទ្ធិពលសម្រាប់សមាហរណកម្មក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ នៅពេលដែលយើងប្រឈមមុខនឹងពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង កម្មវិធីនេះមានតួនាទីជាស្ពានដ៏សំខាន់មួយ ដែលអាចឱ្យជ័យលាភីអាហារូបករណ៍របស់យើងផ្លាស់ប្តូរគំនិត បង្កើតបណ្តាញ ជំរុញការយល់ដឹងពីវប្បធម៌ និងបណ្តុះដំណោះស្រាយយ៉ាងច្នៃប្រឌិតចំពោះបញ្ហាប្រឈម និងតម្រូវការនៃពេលវេលារបស់យើង។
សូមជម្រាបថា ជ័យលាភីអាហារូបករណ៍ Chevening ASEAN នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអាស៊ានផ្តាច់មុខ ដែលរួមមាន៖ កម្មវិធីស្វាគមន៍នៅ Foreign, Commonwealth and Development Office (FCDO); ការអញ្ជើញជាអាទិភាពទៅចូលរួមក្នុងបណ្តាញគោលនយោបាយអាស៊ីអាគ្នេយ៍និងកម្មវិធីអាស៊ានដែលរៀបចំដោយ FCDO; ការចូលរួមជាមួយ FCDO សភា និងជាមួយអ្នកដឹកនាំវិស័យឯកជន និស្សិត និងស្ថាប័នស្រាវជ្រាវ និង សន្និសីទ Chevening អាស៊ាន ក្រោយបញ្ចប់ការសិក្សា៕