អគ្គអភិបាលព្រះសហគមន៍កាតូលិកញូវយ៉កប្រកាសសំណងចំនួន ៣០០ លានដុល្លារទៅជនរងគ្រោះដោយការរំលោភបំពានដោយបព្វជិត
អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងញូវយ៉កបានប្រកាសថា នឹងចំណាយប្រាក់ជិតមួយភាគបីនៃមួយពាន់លានដុល្លារដល់ជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទរបស់បព្វជិត ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានកាតូលិក ។
លោកកាឌីណាល់ ធីម៉ូថេ ដូឡាន (Timothy Dolan )បានមានប្រសាសន៍នៅសប្តាហ៍នេះថា នេះគឺជាការទូទាត់ប្រាក់ដ៏ច្រើនបំផុតមួយរបស់ព្រះសហគមន៍ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដើម្បីទូទាត់សងសម្រាប់ "ភាពភ័យរន្ធត់នៃការរំលោភបំពាន" ដោយបព្វជិតនៅទីក្រុងនោះ។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា «ព្រះសហគមន៍នឹងចំណាយប្រាក់ សរុបជាង ៣០០ លានដុល្លារ» ដល់អ្នករស់រានមានជីវិតពីការរំលោភបំពាន ដែលជាផ្នែកមួយនៃការដោះស្រាយជាសកលជាមួយជនរងគ្រោះ។
លោកបានអះអាងថា នេះជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយ ដើម្បីជួយផ្តល់មូលនិធិដល់ការដោះស្រាយនេះ ។
លោកបានអះអាងថា យើងក៏កំពុងធ្វើការដោះស្រាយតាមរយៈការលក់ទ្រព្យសម្បត្តិអចលនទ្រព្យសំខាន់ៗផងដែរ៕