អគ្គអភិបាលផូ អញ្ជើញព្រះសហគមន៍កាតូលិកអាស៊ីឲ្យមើលឃើញវិបត្តិជាឱកាស
អគ្គអភិបាលស៊ីមូន ផូ (Simon Poh) នៃភូមិភាគគូឈីង (Kuching) ប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា វិបត្តិមិនមែនគ្រាន់តែជាគ្រោះថ្នាក់នោះទេ ប៉ុន្តែជាទ្វារដែលព្រះសហគមន៍កាតូលិកអាចរីកចម្រើនបាន ដោយជំរុញឲ្យបរិស័ទកាតូលិកអាស៊ីហ៊ានប្រឈមមុខនឹងបញ្ហាប្រឈមទំនើបដោយជំនឿ និងក្តីសង្ឃឹម។
នៅក្នុងសុន្ទរកថាគន្លឹះ «ធ្វើដំណើរជាមួយគ្នាជាប្រជាជនអាស៊ី» កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ដែលជាថ្ងៃទីពីរនៃ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope) នៅក្រុងប៉េណាំង អគ្គអភិបាលផូ ដែលជាប្រធានសភាលោកអភិបាលម៉ាឡេស៊ី និងជាប្រធានការិយាល័យផ្សាយដំណឹងល្អនៃសភាលោកអភិបាលអាស៊ី បានបញ្ជាក់អំពីពាក្យចិន 危机 (wéi jī)។ ខណៈពេលដែល 危 បង្ហាញពីគ្រោះថ្នាក់ 机 ចង្អុលទៅចំណុចរបត់លាក់កំបាំង ដែលជាឱកាសកំពុងរង់ចាំឲ្យលេចចេញជារូបរាង។
លោកបានមានប្រសាសន៍ថា៖ «នៅក្នុងវិបត្តិគ្រប់យ៉ាង មានទាំងគ្រោះថ្នាក់ និងឱកាស»។
អគ្គអភិបាល ផូ បានសង្កត់ធ្ងន់ថា វិបត្តិមិនមែនជាការរំខានទេ ប៉ុន្តែជាការអញ្ជើញ។ វាគឺជាពេលដែលព្រះជាម្ចាស់បើកផ្លូវឲ្យយើង ហើយប្រហែលជាយើងមើលមិនឃើញភ្លាមៗឡើយ។
លោកបានមានប្រសាសន៍ថា៖ «នៅក្នុងការតស៊ូគ្រប់យ៉ាង ព្រះជាម្ចាស់បានដាំគ្រាប់ពូជថ្មី»។
ព្រះសហគមន៍កាតូលិកនៅអាស៊ី៖ ប្រវត្តិសាស្រ្តនៃការសាកល្បង និងភាពធន់ស្ងប់ស្ងាត់
ការឆ្លុះបញ្ចាំងរបស់អគ្គអភិបាលលើ wéi jī ក្លាយជាការពិចារណាលើភាពធន់របស់បរិស័ទកាតូលិកអាស៊ី ដែលបានរីកចម្រើនក្នុងការលំបាករាប់សតវត្សរ៍។ នៅទូទាំងទ្វីបអាស៊ី ព្រះសហគមន៍កាតូលិកនៅតែមានចំនួនតិចតួច ប៉ុន្តែមានសក្ខីភាពជ្រាលជ្រៅ ដោយជារឿយៗរីកចម្រើនបំផុតក្នុងអំឡុងពេលនៃការបៀតបៀន ភាពអស្ថិរភាព ឬការសង្ស័យខាងវប្បធម៌។
គ្រីស្តបរិស័ទដែលលាក់ខ្លួននៅក្នុងប្រទេសជប៉ុន និងកូរ៉េ បានរក្សាជំនឿអស់ជាច្រើនជំនាន់។ សហគមន៍នៅប្រទេសឥណ្ឌា ស្រីលង្កា និងហ្វីលីពីនបានស៊ូទ្រាំនឹងអាណានិគម ជម្លោះ និងភាពចលាចល ហើយនៅក្នុងប្រទេសម៉ាឡេស៊ី ភូមា វៀតណាម និងទីម័រខាងកើត ក្រុមសាសនទូតបានកសាងស្ថាប័នសំខាន់ៗនៅកណ្តាលនៃជំងឺរាតត្បាត និងភាពខ្វះខាត។ នេះគឺជាជំនឿដែលត្រូវបានបង្កើតឡើងតាមរយៈការស៊ូទ្រាំ ដោយមានឪពុកម្តាយបង្រៀនការអធិស្ឋានដោយសម្ងាត់ លោកគង្វាលដើរទៅកាន់ភូមិនានាដាច់ស្រយាល ហើយបព្វជិតបានរួចជីវិតពីសង្គ្រាម និងភាពក្រីក្រ។
ជាថ្មីម្តងទៀត អ្វីដែលមើលទៅដូចជាឧបសគ្គបានក្លាយជាគ្រាប់ពូជថ្មី ដោយឆ្លុះបញ្ចាំងពីការពិតរបស់ wéi jī៖ គ្រោះថ្នាក់ និងលទ្ធភាពឈរនៅក្បែរគ្នា។
ដំណើររបស់ម៉ាឡេស៊ី៖ កំណើនលើដីមិនស្មើគ្នា
ព្រះសហគមន៍កាតូលិកនៅប្រទេសម៉ាឡេស៊ីឆ្លុះបញ្ចាំងពីគំរូអាស៊ីដ៏ទូលំទូលាយនៃកំណើនតាមរយៈទុក្ខលំបាក។
ការផ្លាស់ទីលំនៅដោយសារសង្គ្រាម ការធ្វើចំណាកស្រុកក្នុងទីក្រុងយ៉ាងឆាប់រហ័ស ភាពរសើបខាងជាតិសាសន៍ និងការផ្លាស់ប្តូរប្រជាសាស្រ្ត បានធ្វើឱ្យជីវិតកាតូលិកមានការលំបាកជាញឹកញាប់ ប៉ុន្តែបញ្ហាប្រឈមនីមួយៗបានបង្កឱ្យមានទម្រង់ថ្មីនៃការបម្រើ ដែលកើតមានដូចជា គំនិតផ្តួចផ្តើមយុវជន ការទៅដល់ជនចំណាកស្រុក បេសកកម្មជនជាតិដើមភាគតិចនៅរដ្ឋសាបា (Sabah) និងសារ៉ាវ៉ាក (Sarawak) និងភាពជាអ្នកដឹកនាំជនសាមញ្ញដ៏រឹងមាំ។
ដូចជាប្រទេសអាស៊ីជាច្រើនដែរ សាសនាកាតូលិកម៉ាឡេស៊ីបានចាក់ឫសនៅលើដីមិនស្មើគ្នា ដោយរីកចម្រើនដោយសារតែបរិស័ទកាតូលិករបស់ខ្លួនបដិសេធមិនព្រមចុះចាញ់ ដែលបង្កប់នូវអត្ថន័យនៃតួអក្សរចិនសម្រាប់ «វិបត្តិ»៖ ពេលវេលាដែលគ្រោះថ្នាក់ និងលទ្ធភាពរួមរស់ជាមួយគ្នា។ នេះបើតាមការបញ្ជាក់ពីអគ្គអភិបាលផូ។
វិបត្តិទំនើប៖ បញ្ហាប្រឈម និងលទ្ធភាពលាក់កំបាំង
អគ្គអភិបាលផូ បានពន្យល់ថា វិបត្តិសព្វថ្ងៃ។ លោកបានចង្អុលទៅលើសម្ពាធដ៏ធំទូលាយដែលបរិស័ទកាតូលិកអាស៊ីកំពុងប្រឈមមុខ ក្នុងនោះមាន យុវជនរសាត់ចេញពីជីវិតសហគមន៍ អត្រាបព្វជិតធ្លាក់ចុះ ការធ្លាក់ចុះអត្រាកំណើត វិសមភាពសេដ្ឋកិច្ច ការធ្វើចំណាកស្រុក ផលប៉ះពាល់អាកាសធាតុ គ្រួសារតានតឹង ការរំខានឌីជីថល គ្រោះថ្នាក់បរិស្ថាន ការកើនឡើងនៃលោកិយនិយម ការរឹតត្បិតលើការផ្សាយដំណឹងល្អ និងការរើសអើងប្រឆាំងនឹងគ្រីស្តបរិស័ទដែលជាសំឡេងភាគតិចក្នុងសង្គម។
លោកបានមានប្រសាសន៍ថា បញ្ហាប្រឈមនីមួយៗឆ្លុះបញ្ចាំងពីអត្ថន័យទ្វេដងរបស់ wéi jī៖ គ្រោះថ្នាក់ទាក់ទងនឹងលទ្ធភាពនៃការកែប្រែថ្មី។
លោកបានមានប្រសាសន៍ថា៖ «គ្រប់ឧបសគ្គទាំងអស់មានទ្វារ។ វិបត្តិគ្រប់យ៉ាងមានចំណុចស្នូលដែលព្រះជាម្ចាស់អាចប្រែក្លាយអ្វីដែលមើលទៅដូចជាការធ្លាក់ចុះទៅជាកំណើន និងការផ្លាស់ប្តូរ»។
ពេលកិច្ចការប្រកាសដំណឹងល្អធ្វើមិនកើត
អគ្គអភិបាល ផូ បានរំលឹកដល់អ្នកជឿអំពីអត្តសញ្ញាណសាសនទូតរបស់ព្រះសហគមន៍កាតូលិក ដោយរំលឹកដល់ឯកសារប្រកាសដំណឹងល្អរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូលេខ៤៩ (Pope Francis’ Evangelii Gaudium, 49) ដែលបានចែងថា៖ «ខ្ញុំចូលចិត្តព្រះសហគមន៍កាតូលិកដែលមានស្នាមជាំ ឈឺចាប់ និងកខ្វក់ដោយសារតែបានចេញទៅតាមដងផ្លូវ ជាជាងព្រះសហគមន៍កាតូលិកដែលគ្មានសុខភាពល្អដោយបានឃុំខ្លួននៅមួយកន្លែង និងប្រកាន់ខ្ជាប់នូវសន្តិសុខផ្ទាល់ខ្លួន»។
លោកបានកត់សម្គាល់ថា នៅក្នុងផ្នែកជាច្រើននៃទ្វីបអាស៊ី ដែលការផ្សាយដំណឹងល្អដោយបើកចំហត្រូវបានរឹតត្បិត គ្រោះថ្នាក់គឺពិត ប៉ុន្តែឱកាសក៏ពិតប្រាកដដែរ។ បរិបទបែបនេះអំពាវនាវដល់គ្រីស្តបរិស័ទផ្សព្វផ្សាយតាមរយៈ សកម្មភាព។
លោកបានបញ្ជាក់ថា ដោយរស់នៅប្រកបដោយក្តីមេត្តា យុត្តិធម៌ និងការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ទោះបីជាការប្រកាសដំណឹងល្អមិនអាចទៅរួចក៏ដោយ ព្រះសហគមន៍កាតូលិកបន្តប្រាប់រឿងរ៉ាវរបស់ព្រះគ្រីស្តតាមរយៈសក្ខីភាព សហគមន៍ និងការរស់នៅដោយស្មោះត្រង់ប្រចាំថ្ងៃ ដោយឆ្លុះបញ្ចាំងពីកិច្ចការប្រកាសដំណឹងល្អនៅអាស៊ី (Ecclesia in Asia)។
ក្នុងស្មារតីនេះ អគ្គអភិបាលផូ បានមានប្រសាសន៍ថា ជនជាតិអាស៊ីត្រូវតែរៀន «ធ្វើជាសក្ខីភាព និង 'ខ្សឹប' ដំណឹងល្អ» មិនមែនតាមរយៈភាពស្ងៀមស្ងាត់នោះទេ ប៉ុន្តែតាមរយៈជីវិតដែលត្រូវបានផ្លាស់ប្តូរដោយការជួបផ្ទាល់ជាមួយព្រះគ្រីស្ត។
វិបត្តិជាទ្វារឆ្ពោះទៅរកការកែប្រែថ្មី
ដោយភ្ជាប់ការយល់ដឹងរបស់អាស៊ីអំពី wéi jī ទៅនឹងបេសកកម្មរបស់ព្រះសហគមន៍កាតូលិកនាពេលបច្ចុប្បន្ននេះ អគ្គអភិបាលផូ បានអំពាវនាវដល់គ្រីស្តបរិស័ទកាតូលិកឱ្យប្រឈមមុខនឹងវិបត្តិទំនើបដោយក្តីសង្ឃឹម និងការច្នៃប្រឌិត។ ដូចដែលមនុស្សជំនាន់មុនបានជួបប្រទះការបៀតបៀន ការផ្លាស់ទីលំនៅ និងភាពក្រីក្រដោយភាពក្លាហាន និងការអត់ធ្មត់ គ្រីស្តបរិស័ទសព្វថ្ងៃត្រូវតែហ៊ានដើរចូលទៅកាន់ប្រវត្តិសាស្ត្រទាំងនោះ ដោយស្មារតីអត់ធ្មត់ដូចគ្នា។
លោកបានមានប្រសាសន៍ថា៖ «ដរាបណាជំនឿនៅមានជីវិត វិបត្តិគ្រប់យ៉ាងអាចក្លាយជាចំណុចរបត់។ ហើយចំណុចរបត់គ្រប់យ៉ាងអាចក្លាយជាទ្វារដែលព្រះសហគមន៍កាតូលិកលូតលាស់»៕