អគ្គស្នងការដ្ឋាននគរបាលជាតិ ប្ដេជ្ញាចាត់វិធានការជំនាញ និងវិធានការច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង
ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឹងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ការប្តេជ្ញានេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យគ្រប់គណៈអភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ លើក្មេងទំនង ក្មេងមានដាវសាំម៉ូរ៉ៃ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាលទាំងអស់ សូមចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស បុត្រធីតា របស់ខ្លួន ឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃ ប្រទេសជាតិ។
ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យបានដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួល បានជោគជ័យ។
សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាទៅដល់គ្រប់គណៈអភិបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូវតែចាត់វិធានការឲ្យបានទាន់ពេលវេលាដោយមិនត្រូវលើកលែងនោះឡើយ។
ការបញ្ជាដូចនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។
សម្តេចមានប្រសាសន៍ថា ៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចេញបញ្ជាឱ្យគណៈអភិបាលនៃអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែរឹតបន្តឹងវិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ»៕