ហួយវ័ន ផេ ត្រូវបញ្ចប់អាជ្ញាប័ណ្ណ NBC ព្រមានពីហានិភ័យ Crypto ខុសច្បាប់
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមច្បាប់ជាស្ថាពរ តាមលិខិតលេខ ធ១៤.០២៤.២០២៦ ឆ.ត របស់NBC និងសេចក្តីសម្រេចលេខ ១០៨១ ព.ណ.ចបព របស់ក្រសួងពាណិជ្ជកម្ម។ ការបញ្ចប់នីតិវិធីនេះរួមមានការទូទាត់បំណុលទាំងអស់ដល់ម្ចាស់បំណុល និងអតិថិជន “បានបញ្ចប់សព្វគ្រប់” តាមនីតិវិធីច្បាប់។
នៅក្នុងសេចក្តីប្រកាសដដែល ធនាគារជាតិនៃកម្ពុជាបានព្រមានខ្លាំងៗចំពោះសកម្មភាព “ទិញ លក់ ទូទាត់” ទ្រព្យសកម្មគ្រីបតូ (Crypto) ដែលកំពុងចរាចរខុសច្បាប់ ហើយផ្ទុយពីបទប្បញ្ញត្តិច្បាប់ជាច្រើន រួមមានប្រកាសលេខ ធ៧.០២៤.៧៣៥ ប្រ.ក ចុះថ្ងៃទី ២៦ ធ្នូ ២០២៤ និងសេចក្តីថ្លែងការណ៍រួមឆ្នាំ ២០១៨ រវាង NBC, គណៈកម្មការមូលបត្រកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ។
NBC ក៏បានលើកឡើងថា សកម្មភាពគ្រីបតូខុសច្បាប់ អាចបង្កហានិភ័យធ្ងន់ធ្ងរ ទៅលើប្រព័ន្ធធនាគារនិងសាធារណជន។ ដោយឡែកមកដល់ពេលនេះ មិនទាន់មានគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុណាមួយ ត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាពាក់ព័ន្ធនឹងគ្រីបតូនោះទេ។
«គិតមកដល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាត...ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូនៅឡើយទេ។»
នេះមានន័យថា សេវាដែលពាក់ព័ន្ធនឹងគ្រីបតូទាំងអស់ ដែលពេញនិយមតាមបណ្ដាញសង្គម ឬតាមបណ្តាញផ្សព្វផ្សាយផ្សេងៗ គឺផ្ទុយនឹងច្បាប់កម្ពុជា។
NBC បានរំលឹកឱ្យសាធារណជន និងគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះប្រតិបត្តិការទាំងឡាយដែលពាក់ព័ន្ធនឹងគ្រីបតូ ហើយបន្តអនុវត្តតាមច្បាប់ ការណែនាំ និងសេចក្តីថ្លែងការណ៍រួមទាំងអស់យ៉ាងម៉ឺងម៉ាត់។
NBC ក៏អំពាវនាវឲ្យសាធារណជនបន្តឱ្យយកចិត្តទុកដាក់ និងបន្តប្រើប្រាស់តែសេវាហិរញ្ញវត្ថុណាដែលត្រូវបានអនុញ្ញាតនិងមានច្បាប់ត្រឹមត្រូវជាផ្លូវការ៕