ស្ថាប័នជាង ៥០ សុំដោះលែង និងទម្លាក់ចោលបទចោទ លោក កើត សារ៉ាយ
ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ ជាង៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ស្នើសុំដោះលែង និងទម្លាក់ចោលបទចោទ លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន លោក កើត សារ៉ាយ។
យោងតាមសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមយុវជន សហគមន៍មូលដ្ឋាន សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ មានការសោកស្តាយជាខ្លាំងចំពោះការចាប់ឃុំខ្លួនលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និងជាអ្នក ការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប។
សូមបញ្ជាក់ថា លោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញចូលចាប់ខ្លួន ខណៈលោកកំពុងបំពេញការងារនៅការិយាល័យ រួចបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវេលា ម៉ោង១៥.៤៥នាទី កាលពីថ្ងៃទី៥ ខែមេសា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍រួម បានបន្តថា ក្នុងដីកានោះបានត្រឹមបញ្ជាក់ថាពាក់ព័ន្ធករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះធ្វើឡើងដោយមិន បានផ្តល់ព័ត៌មានជាក់លាក់ អំពីបទចោទប្រកាន់ទៅកាន់លោកកើត សារ៉ាយ និងក្រុមគ្រួសាររបស់ លោកឡើយ។
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា ៖ «ការឃាត់ខ្លួន និងឃុំខ្លួន លោកកើត សារ៉ាយ គឺជាការបន្តបិទសំឡេង និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាព ជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា»។
ការផ្ដល់បទសម្ភាសដល់សារព័ត៌មាន ជាពិសេសការបញ្ចេញមតិពី វិវាទដីធ្លីក្នុងខេត្តព្រះវិហារ គឺជាការខ្វាយខ្វល់ចំពោះបញ្ហាជីវភាពរបស់ពលរដ្ឋ និងពាំនាំក្ដីកង្វល់របស់ពួកគេដើម្បីជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាដល់ពលរដ្ឋប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសេចក្តីថ្លែងការណ៍រួម។
ប្រភពដដែលបានបន្តថា ការបញ្ចេញមតិរបស់លោកគួរត្រូវបានចាត់ទុកថាជាការជួយដល់ អាជ្ញាធរក្នុងការដោះស្រាយបញ្ហាជាជាងការញុះញង់។ បន្ថែមលើសពីនេះការចាប់ខ្លួនសកម្មជននៅកៀកថ្ងៃនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺរឹតតែធ្វើឱ្យលោកបាត់បង់នូវសិទ្ធិសេរីភាពជួបជុំសមាជិកក្រុមគ្រួសារអំឡុង ពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ដែលពលរដ្ឋខ្មែរគ្រប់រូបចាត់ទុកថាជាឱកាសដ៏វិសេសវិសាលក្នុងការ ជួបជុំគ្រួសារផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសារដំបូងរាជធានីភ្នំពេញ បានប្រកាសថាលោក កើត សារ៉ាយ ក៏បានប្រឈមនឹងការចោទប្រកាន់បន្ថែមពីបទ មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈឹម ព្រមទាំងបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
សូមរំលឹកថាកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក កើត សារ៉ាយ ដែលជាអតីតព្រះសង្ឃក៏ធ្លាប់ត្រូវបាន អាជ្ញាធរចាប់ព្រះកាយផ្សឹក និងកាត់ទោសរួមជាមួយយុវជនជាអតីតសកម្មជនសង្គមចំនួន៨នាក់ផ្សេងទៀតដោយសារតែបានធ្វើការតស៊ូមតិស្នើសុំឱ្យដោះលែងថ្នាក់ដឹកនាំសហជីពលោក រ៉ុង ឈុន។
គ្រានោះលោកត្រូវបានតុលាការរាជធានី ភ្នំពេញចោទប្រកាន់ពីបទញុះញង់តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ និងកាត់ទោសឱ្យជាប់ ពន្ធនាគារ២០ខែ ប៉ុន្តែបន្ទាប់ពីអនុវត្តទោសបានមួយឆ្នាំបួនខែ ទោសនេះក៏ត្រូវបានព្យួររយៈពេល៦ខែ។ លោកត្រូវបាន ដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍រួម បានលើកឡើងថា ៖ «យើងទាំងអស់គ្នាជាក្រុមយុវជន សហគមន៍ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ សូមអំពាវនាវដល់ សាលាដំបូងរាជធានីភ្នំពេញមេត្តាទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានលោកកើតសារ៉ាយ ជាបន្ទាន់និងឥតលក្ខខណ្ឌ និងបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ឱ្យបានពេញលេញដល់ពលរដ្ឋ ដែលខ្វល់ខ្វាយ ពីបញ្ហាសង្គម»។
ក្រុមយុវជន សហគមន៍ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ ក៏បានអំពាវនាវដល់អាជ្ញាធររដ្ឋ មេត្តាគោរព និងបើកចំហលំហសេរីភាពអង្គការ សមាគម គោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងលើកកម្ពស់សេរីភាពបញ្ចេញមតិដើម្បីចូលរួម ស្ថាបនាប្រទេសជាតិ៕