ស្ថានភាពសុខភាពសម្តេចប៉ាបមានស្ថានភាពប្រសើរឡើងបន្តិចថែមទៀត

សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យព័ត៌មាន សន្តអាសនៈ នៅល្ងាចថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ស្ថានភាពនៃការព្យាបាលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅតែបន្តបង្ហាញភាពប្រសើរឡើង។
ប្រភពដដែលបានអះអាង កាលពីថ្ងៃទី ២៧ ខែកុម្ភៈថា ស្ថានភាពព្យាបាលរបស់សម្តេចប៉ាបត្រូវបានបញ្ជាក់ថាបានប្រសើរឡើងវិញនៅថ្ងៃនោះ ប៉ុន្តែទ្រង់នៅតែបន្តការព្យាបាលនៅមន្ទីរពេទ្យដដែល ទោះបីជាក្រុមវេជ្ជបណ្ឌិតបានសម្រេចប្តូរការព្យាបាលពីការបំពាក់ឧបរករណ៍រក្សាលំហូរអុកស៊ីសែនខ្ពស់មកប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមកម្រិតស្រាលជាងមុនបន្តិចក៏ដោយ។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានទទួលការព្យាបាលដោយចលនាផ្លូវដង្ហើម ជំនួសដោយការសម្រាក។ នៅពេលរសៀល បន្ទាប់ពីទ្រង់ទទួលព្យាបាលកាយសម្បទាបន្ថែម ទ្រង់បានចំណាយពេលអធិស្ឋាននៅបន្ទប់ ជាន់ទី១០ ជាកន្លែងដែលទ្រង់ធ្លាប់អធិដ្ឋានពីមុន រួចក៏យាងបំពេញការងារមួយចំនួន។
យោងតាមរបាយការណ៍ សម្តេចប៉ាបបានឆ្លងផុតដំណាក់កាលធ្ងន់ធ្ងរបំផុត ប៉ុន្តែស្ថានភាពរបស់ទ្រង់នៅតែស្មុគស្មាញ ហើយនៅពេលនេះទ្រង់អាចងើបអង្គុយបាន ប៉ុន្តែកម្មវិធីរបស់ទ្រង់នៅថ្ងៃទី ០១ ខែមីនា ត្រូវបានសម្រេចលុបចោលដែរ៕
Daily Program
