ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ ​បដិសេធចំពោះការអត្ថាធិប្បាយរបស់លោក Thameen Al-Kheetan

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បាន​បដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។

នេះបើយោងតាមសេចក្តីថ្លែងការណ៍​របស់​ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ស្តីពី​​ «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯង ត្រូវអនុវត្តសិទ្ធិរបស់ខ្លួនក្នុងដែនកំណត់នៃច្បាប់»។​

ស្ថានបេសកកម្មអចិន្ត្រៃយ៍ បាន​បញ្ជាក់ថា ៖ «ការអះអាងថាដំណើរការកាត់ក្ដីលើសកម្មជនបរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា»។

សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តទៅ នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត ៤៣៧(ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទាំងអស់មានឱកាសពេញលេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុង​ការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និងដំណើរការតាមនីតិវិធីត្រឹមត្រូវ។​

​ នៅកម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ដោយ​សារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់ ការដែល​សកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្តីពីសិទ្ធិណាមួយ មិនផ្ដល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។

សេចក្តីថ្លែងការណ៍បន្តថា ៖ «ការលើកឡើងថា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្ត ច្បាប់ដោយអាជ្ញាធរ គឺជាការមាក់ងាយដល់នីតិរដ្ឋ និងការអនុវត្តដោយស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ»។

ពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច រួមទាំង​សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដោយ គណនេយ្យភាព និងទំនួលខុសត្រូវក្នុងដែនកំណត់នៃច្បាប់។

ការអំពាវនាវឱ្យ «ពិនិត្យឡើងវិញនូវសំណុំរឿង» ឬ«ពិនិត្យឡើងវិញនូវការផ្តន្ទាទោស» គឺជាការ រើស​អើ​ងយ៉ាងខ្លាំងចំពោះសុចរិតភាពរបស់តុលាការកម្ពុជា និងដំណើរការនៃការសម្រេចរបស់តុលាការ។ ការសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងជាក់ស្ដែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។ ជនជាប់ចោទមានសិទ្ធិពេញលេញក្នុងការការពារខ្លួនតា​​មផ្លូវច្បាប់ ដោយបណ្តឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការ។

ប្រភពដដែល​បន្តថា ទោះបីជាពួកគេទាំងប្រាំមួយនាក់ជាអនីតិជននៅពេលប្រព្រឹត្តបទល្មើសក៏ដោយ ក៏ការទទួលខុសត្រូវព្រហ្មទណ្ឌនៅតែអាចអនុវត្តបាន ប្រសិនបើមានការធានាដោយកាលៈទេសៈ នៃបទល្មើស ឬចរិតលក្ខណៈរបស់អនីតិជន អនុលោមតាមមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ។

សេចក្តីថ្លែងការណ៍ថា ៖ «ការអំពាវនាវឱ្យមានការកែប្រែមាត្រាពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌគឺជាការភ័ន្តច្រលំ ក្រមព្រហ្ម ទណ្ឌត្រូវបានចូលរួមបង្កើតឡើងដោយអ្នកជំនាញផ្នែកច្បាប់មកពីបស្ចិមប្រទេស ហើ​យមានការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិជាមូលដ្ឋាន ដូ​ចដែលធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី ត្រូវបានការពារ ហើយអ្នកបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ របស់ពួកគេ»។

ជាក់ស្ដែង មិនមានអ្វីដែលត្រូវឱ្យព្រួយបារម្ភចំពោះបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ឡើយ។ អ្នកនាំពាក្យគួរតែធ្វើការអប់រំសកម្មជនសិទ្ធិមនុស្ស ឱ្យអនុវត្តសិទ្ធិរបស់ពួកគេ ស្រប តាមដែនកំណត់នៃច្បាប់។

ទោះជាយ៉ាងណាក៏ដោយ យោងតាមកម្មវិធីកំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការរបស់រាជរដ្ឋាភិបាល ក្រមព្រហ្មទណ្ឌ ក៏ដូចជាច្បាប់សំខាន់ៗ មួយចំនួនទៀត ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការកំពុងត្រូវបានពិនិត្យ ក្នុងគោលបំណងធ្វើទំនើបកម្ម ប្រសិទ្ធភាព និងសង្គតិភាពជាមួយនឹងបរិបទនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ ក៏បា​នទ​ទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អនុវត្តអាណត្តិរបស់ខ្លួនដោយអនុ​លោមតាមសេចក្ដីសម្រេចលេខ A/RES/48/141 ដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបំពេញមុខងារ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពអធិ​បតេយ្យ និងយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ៕

Daily Program

Livesteam thumbnail