ស្ថានទូតឥណ្ឌា និងកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិ លើកទី១០
ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងស្ថាប័នពាក់ព័ន្ធបានរៀបចំ“ទិវាយោគៈអន្តរជាតិលើកទី១០” នៅទីលានជល់ដំរីខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ការធ្វើលំហាត់ប្រាណសមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាមសម្រាប់សុខុមាលភាពរាងកាយនិងរួមចំណែក ផ្សព្វផ្សាយពីសក្តា នុពលទេសចរណ៍សំខាន់ៗនិងវប្បធម៌ដ៏ល្អឯក របស់កម្ពុជាទៅកាន់ទេសចរអន្តរជាតិ ជា ពិសេសទេសចរឥណ្ឌា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌាឱ្យកាន់ តែរឹងមាំថែមទៀតព្រមទាំងចូលរួមគាំទ្រយុទ្ធនាការផ្សព្វផ្សាយ“ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១២០២៤”និងយុទ្ធនាការ“ទស្សនាសៀមរាបឆ្នាំ២០២៤” ស្របតាមគំនិតផ្តួចផ្តើម យុទ្ធសាស្ត្រ“បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ទិវាយោគៈ ក្នុងឆ្នាំ២០២៤នេះ រៀបចំឡើង ក្រោមប្រធានបទ«យោគៈសម្រាប់ខ្លួនឯងយោគៈ សម្រាប់សង្គមជាតិ»។ លោកជំទាវបន្តថា ការជ្រើសរើសប្រធានបទនេះ គឺដោយសារតែយោគៈ ជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយពីសារសន្តិភាពនៅ ក្នុងសង្គមជាតិរបស់ពួកយើង និងក្នុងពិភពលោកជារួម។
លោកស្រី ឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា ការហាត់យោគៈ ក្រៅពីផ្ដល់ផលវិជ្ជមាន លើរូបរាងកាយការហាត់យោគៈ ក៏ផ្ដល់ជាអត្ថប្រយោជន៍ សម្រាប់ផ្លូវចិត្តផងដែរ។ លោកជំទាវបន្តថា ពិតជាសប្បាយចិត្ត នៅពេលដែលប្រជាជនកម្ពុជា កាន់តែច្រើនចាប់ផ្ដើមហ្វឹកហាត់យោគៈ។
លោកស្រី ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា កន្លងទៅក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិចំនួន ៩លើករួចមកហើយនៅតាមគោលដៅទេសចរណ៍ សំខាន់ៗរបស់កម្ពុជា។ ការរៀបចំទាំងនេះ បានទាក់ទាញឱ្យមានការចូលរួមជាច្រើន ពីសាធារណជន ភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ។
លោកស្រី លើកឡើងបន្ថែមថា ការរៀបចំទិវាយោគៈនៅថ្ងៃនេះ ក៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម វប្បធម៌ សេដ្ឋកិច្ច រវាងប្រជាជន និងប្រជាជន ព្រមទាំងអបអរសាទរ ការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ពីភ្នំពេញ ទៅញូដេលី និងពីញូដេលី មកភ្នំពេញ៕