ស្ថានទូតអាម៉េរិករៀបចំកម្មវិធី«សបា្តហ៍ភោជនីយដ្ឋាន២០២៤»ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មអាម៉េរិក
លោកស្រី Bridgette Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ធ្នូនេះ បានបើកកម្មវិធី «សប្ដាហ៍ភោជនីយដ្ឋាន ឆ្នាំ ២០២៤៖ ស្រស់ពីសហរដ្ឋអាមេរិក» នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយ ផលិតផលកសិកម្មសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។
សប្ដាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗមួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដើម្បីបង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិក សម្រាប់ចម្អិនម្ហូប។
ថ្លែងក្នុងឱកាសនៃពិធីនេះ លោកស្រី Bridgette Walker បានលើកឡើងថា៖«សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូប អាហារ របស់យើងនៅក្នុងប្រទេសកម្ពុជា ។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសថ្មីៗ និង ស្វែងយល់ពីផលិតផលកសិកម្មសហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរ សម្រាប់គាំទ្រភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឲ្យគេមើលឃើញថា គ្រឿងផ្សំ នៃម្ហូបអាហារអាមេរិកត្រូវបានប្រើក្នុងការចម្អិនម្ហូបនៅជុំវិញពិភពលោក»។
សប្ដាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ទាញការចាប់អារម្មណ៍លើការដែលផលិតផលកសិកម្មអាមេរិក អាចប្រើជាមួយមុខម្ហូបទាំងអស់។ ភ្នំពេញ មានមុខម្ហូបបរទេសចម្រុះច្រើន ដែលមានប្រើគ្រឿងផ្សំរបស់ អាមេរិក ហើយពិធីនៅថ្ងៃនេះមានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំរបស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូល ស្បៀងអាហារសហរដ្ឋអាមេរិក សាលាបង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារចុងភៅ និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា ដែលចាប់អារម្មណ៍លើវិស័យម្ហូបអាហារ៕