ស្ថានទូតអាមេរិកនៅភ្នំពេញ អបអរសាទរខួបឯករាជ្យលើកទី ២៤៩ របស់សហរដ្ឋអាមេរិក

លោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមជាអធិបតីនៅក្នុងពិធីអបអរសាទរខួបឯករាជ្យលើកទី ២៤៩ របស់សហរដ្ឋអាមេរិក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នាថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២៥។
សុន្ទរកថារបស់លោកស្រី Walker បានសង្កត់ធ្ងន់ទៅលើ ឧត្តមភាពអាមេរិក លើនវានុវត្តន៍ និងកាលានុវត្តភាព។
លោកស្រី Walker បានថ្លែងបន្តទៀតថា៖ «គំនិត និងស្មារតីនៃប្រទេសអាមេរិក មិនត្រឹមតែបានធ្វើឱ្យ ប្រទេសរបស់ខ្ញុំមានការអភិវឌ្ឍន៍តែប៉ុណ្ណោះទេ តែវាថែមទាំងជាមូលដ្ឋាននៃទំនាក់ទំនងរបស់យើង ជាមួយតំបន់ដទៃទៀតនៃពិភពលោកថែមទៀតផង។ យើងចង់បានភាពជាដៃគូ ដែលផ្តល់លទ្ធភាព និងឱកាសស្មើគ្នា ដែលក្នុងនោះមានតម្លាភាព និងភាពត្រឹមត្រូវ។ ដើម្បីសម្រេចគោលដៅទាំងនេះ លោកអ្នកឃើញជនជាតិអាមេរិក ធ្វើការនៅក្នុងគ្រប់វិស័យ និងគ្រប់ទីកន្លែង ដើម្បីបង្កើតទំនាក់ទំនង និងជំរុញភាពជាដៃគូឱ្យកាន់តែមានភាពជ្រាលជ្រៅថែមទៀត»។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាអធិបតី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ RVAKhmer ទទួលបាននៅព្រឹកថ្ងៃទី០៤ បានអោយដឹងថា ពិធីនេះ ថែមទាំងឧទ្ទិសផងដែរដល់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥០ មក។ មន្ត្រី អ្នកការទូត ដៃគូ និងមិត្តរបស់ស្ថានទូតទាំងអស់ បានអញ្ជើញទស្សនារូបថតជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងរីករាយជាមួយអាហារ និងភេសជ្ជៈ ដែលក្រុមហ៊ុនអាមេរិកបានឧបត្ថម្ភ។
ក្រុមតន្ត្រីទ័ពអាកាសសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Pacific Brass» បានសម្តែងបទជាច្រើន របស់ប្រទេសទាំងពីរ ដែលតំណាងឱ្យទំនាក់ទំនងដែលមានរាប់ទសវត្សរ៍មក។ ក្រុមតន្រ្តី Pacific Brass និងក្រុមតន្ត្រីកងឯកភាព កងកិត្តិយសត្រែទ័ព នៃកងយោធពលខេមរភូមិន្ទ បានធ្វើការសម្តែងរួមគ្នាជូនភ្ញៀវកិត្តិយស ដើម្បីជាការអបអរនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕



Daily Program
