ស៊ុយអែតសម្រេចបោះបង់ការសិក្សាតាមឌីជីថលមួយផ្នែក​

ប្រទេសស៊ុយអែត ដែលធ្លាប់តែជាប្រទេសនាំមុខគេលើពិភពលោកក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំ បានប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០២៦ ដោយងាកមកផ្តល់អាទិភាពលើ សៀវភៅពុម្ព ការអាន និងការសរសេរដោយដៃ នៅក្នុងសាលាមត្តេយ្យ និងបឋមសិក្សាឡើងវិញ។

ហេតុអ្វីបានជាមានការផ្លាស់ប្តូរនេះ?

រដ្ឋមន្ត្រីក្រសួងអប់រំស៊ុយអែត និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកពីវិទ្យាស្ថានខារ៉ូលីនស្កា (Karolinska) បានរកឃើញថា ការពឹងផ្អែកខ្លាំងពេកលើឧបករណ៍ឌីជីថល ដូចជាថាបប្លែត (Tablet) និងកុំព្យូទ័រ បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់សិស្ស៖

  • សមត្ថភាពអានធ្លាក់ចុះ៖ សិស្សមានការពិបាកក្នុងការយល់ដឹងពីខ្លឹមសារស៊ីជម្រៅ និងខ្វះការផ្ដោតអារម្មណ៍។
  • ការចងចាំខ្សោយ៖ ការស្រាវជ្រាវបង្ហាញថា ការសរសេរដោយដៃជួយឱ្យខួរក្បាលចងចាំបានល្អជាងការវាយលើក្តារចុច។
  • បញ្ហាសុខភាព៖ ការប្រើប្រាស់អេក្រង់ច្រើនពេកប៉ះពាល់ដល់ភ្នែក និងការលូតលាស់នៃចលនាសាច់ដុំ (Motor skills) របស់កុមារតូចៗ។

ដើម្បីស្តារឡើងវិញនូវ "តុល្យភាពនៃកិច្ចការរៀនសូត្រ" រដ្ឋាភិបាលស៊ុយអែតបានដាក់ចេញនូវវិធានការដូចជា៖

  1. ការវិនិយោគថវិកាយ៉ាងច្រើន៖ ចំណាយថវិការាប់លានអឺរ៉ូដើម្បីទិញសៀវភៅពុម្ពចែកជូនសិស្សឱ្យបាន "សៀវភៅមួយក្បាល សម្រាប់សិស្សម្នាក់ ក្នុងមួយមុខវិជ្ជា។
  2. ការលុបចោលកាតព្វកិច្ចឌីជីថល៖ បញ្ឈប់ការបង្ខំឱ្យប្រើឧបករណ៍ឌីជីថលនៅក្នុងថ្នាក់មត្តេយ្យ និងកុមារដែលមានអាយុក្រោម ៦ ឆ្នាំ។
  3. ការពង្រឹងការសរសេរដៃ៖ ជំរុញឱ្យគ្រូបង្រៀនផ្តល់អាទិភាពលើការហ្វឹកហាត់សរសេរដៃមុននឹងឱ្យកុមារប្រើប្រាស់បច្ចេកវិទ្យា។

លោកស្រីឡូតា អេដូម (Lotta Edholm) រដ្ឋមន្ត្រីក្រសួងអប់រំស៊ុយអែតនិយាយថា «សិស្សស៊ុយអែតត្រូវការសៀវភៅពុម្ពបន្ថែមទៀត។ សៀវភៅរូបវន្ត (Physical books) គឺមានសារៈសំខាន់ណាស់សម្រាប់ការរៀនសូត្ររបស់សិស្ស។»

ការផ្លាស់ប្តូរនេះមិនមែនមានន័យថា ស៊ុយអែតបោះបង់បច្ចេកវិទ្យាទាំងស្រុងនោះទេ គឺ​ប្រើប្រាស់ជា "ឧបករណ៍ជំនួយ" ជាជាងជំនួសវាសម្រាប់​ "មូលដ្ឋានគ្រឹះនៃខួរក្បាល"។ ប្រទេសស៊ុយអែតកំពុងក្លាយជាគំរូសម្រាប់ពិភពលោកក្នុងការពិចារណាឡើងវិញអំពីតុល្យភាពរវាងបច្ចេកវិទ្យាទំនើប និងវិធីសាស្ត្ររៀនបែបប្រពៃណីដែលមានប្រសិទ្ធភាព។

ការសម្រេចចិត្តរបស់ស៊ុយអែតបានធ្វើឱ្យបណ្តាប្រទេសជាច្រើន ចាប់ផ្តើមពិនិត្យមើលឡើងវិញនូវ «ការប្រើប្រាស់អេក្រង់លើសកម្រិត» នៅក្នុងថ្នាក់រៀនរបស់ពួកគេ ក្នុងនោះ​មាន​ ប្រទេសហូឡង់ បានប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ ឬ​ថាបប្លែត និងនាឡិកាឆ្លាតវៃ នៅក្នុងថ្នាក់រៀន ដើម្បីកាត់បន្ថយការរំខាន និងជួយឱ្យសិស្សផ្តោតអារម្មណ៍លើមេរៀន។ រីឯ​ប្រទេសដាណឺម៉ាក និងន័រវែស ក៏កំពុងសិក្សាយ៉ាងដិតដល់ពីគំរូរបស់ស៊ុយអែត ដើម្បីកាត់បន្ថយការប្រើប្រាស់ឧបករណ៍ឌីជីថលចំពោះកុមារតូចៗ និងងាកមកពង្រឹងការប្រើប្រាស់សៀវភៅពុម្ពឡើងវិញដែរ។ ចំណែក ចក្រភពអង់គ្លេសវិញ រដ្ឋាភិបាលបានចេញគោលការណ៍ណែនាំថ្មី ដើម្បីគាំទ្រដល់ការហាមឃាត់ការ​ប្រើ​ទូរស័ព្ទដៃក្នុងសាលារៀនទូទាំងប្រទេស ដើម្បីបង្កើនវិន័យ និងការរៀនសូត្រ។

អង្គការយូនេស្កូ (UNESCO) បានចេញរបាយការណ៍សកលមួយដែលហៅថា «ការដាស់តឿនជាបន្ទាន់» ដោយបញ្ជាក់ថាបច្ចេកវិទ្យាគួរតែជា "ឧបករណ៍ជំនួយ" ប៉ុណ្ណោះ មិនមែនមក "ជំនួស" គ្រូបង្រៀនឡើយ។​ ហើយ​បាន​បង្ហាញ​ថា ឧបករណ៍​ឌីជីថល​មាន​ផល​រំខាន​ច្រើន​​ដល់​លទ្ធផលសិក្សារបស់​សិស្ស​ បើប្រើប្រាស់វាលើសកម្រិត។

ស្ថាប័ន​អន្តរជាតិ​នេះ ជំរុញឱ្យប្រទេសនានាដាក់កំហិតលើការប្រើប្រាស់ទូរស័ព្ទ​ឆ្លាតវៃ​ក្នុងសាលា ដើម្បីការពារកុមារពីការរំខាន និងការបៀតបៀនតាមអ៊ីនធឺណិត។

តែ​ទោះបីជា​យ៉ាងណា ប្រទេស​មួយ​ចំនួន​ហាក់​នៅ​ស្ទាក់​ស្ទើរនិង​មិន​គាំទ្រ​ ដោយ​លើកឡើងថា ការបោះបង់ឌីជីថលទាំងស្រុង អាចធ្វើឱ្យសិស្សខ្វះបំណិនឌីជីថលដែលចាំបាច់សម្រាប់ទីផ្សារការងារនាពេលអនាគត៕

 

Daily Program

Livesteam thumbnail