ស៊ីរី អាច​ទទួល​ពន្លឺថ្មី​

នៅពេលដែលកងកម្លាំង​ឧទ្ទាម​ឥស្លាម​និយម​បាន​ចូល​ដល់ក្នុង​រដ្ឋធានី​ដាម៉ាស​របស់​ស៊ីរី ហើយ​ប្រធានាធិបតី​ អាល់ អាសាដ ​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស លោកកាលពីណាល់ ម៉ារីយូ ហ្សេណារី ( Mario Zenari ) អគ្គអភិបាលនៃបុរីវ៉ាទីកង់នៅស៊ីរី បាននិយាយថា ឥឡូវនេះស៊ីរីនៅក្នុងដៃរបស់អ្នកយើង បង្ហាញពីក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញរបស់ប្រទេស ការរួមរស់ដោយសន្តិភាព និងសំខាន់ជាងនេះទៅទៀតគឺការគោរពប្រពៃណីសាសនា និង ​តម្រូវការ​លុប​បំបាត់​ទណ្ឌកម្ម​ពីអន្តរជាតិ។

កងកម្លាំង​ឧទ្ទាម​ឥស្លាម​និយម​ បានបើកការវាយលុកដោយផ្លេកបន្ទោររបស់ពួកគេកាលពីសប្តាហ៍មុន ដោយបានដណ្តើមយកទីក្រុងអាឡេប៉ូ ហាម៉ា និងហូមជាបន្តបន្ទាប់គ្នាយ៉ាងរហ័ស មុនពេលពួកគេលុកលុយចូលដល់ ទីក្រុងដាម៉ាស។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ កងកម្លាំង​ប្រឆាំង​បាន​ចូល​កាន់កាប់​បណ្តាញ​ទូរទស្សន៍​រដ្ឋ និង​វិទ្យុ​ហើយបានប្រកាស ពីការ​ដួល​រលំ​នៃ​ក្រុង​ដាម៉ាស និង​ការ​បញ្ចប់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី បាសា អាល់ អាសាដ (Bashar al-Assad)។

នៅក្នុងសុន្ទរកថាទៅកាន់សាធារណៈជន នាយករដ្ឋមន្ត្រីស៊ីរី លោក មូហាមេត ហ្គាហ្សី ចាឡាលី (Mohammad Ghazi Jalali) បាននិយាយថា លោកនឹងនៅតែស្ថិតក្នុងតំណែងរបស់គាត់ ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការបន្តនៃអភិបាលកិច្ចនៅក្នុងប្រទេស។

 

ដោយឡែក លោក អាប៊ូ មូហាមេត អាល ជូឡានី ( Abu Mohammad al-Julani )មេដឹកនាំក្រុមឧទ្ទាម បានចេញបទបញ្ជាហាមឃាត់កងកម្លាំងរបស់លោកមិនឱ្យចូលទៅជិតអគារសាធារណៈ និងស្ថាប័ននានា ដោយបញ្ជាក់ថា ពួកគេនឹងស្ថិតនៅក្រោមការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ រហូតដល់ពួកគេត្រូវបានប្រគល់ជាផ្លូវការ៕

Daily Program

Livesteam thumbnail