សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ត្រូវបានបារាំងប្រសិទ្ធនាម ជាផ្លូវការថា សួនច្បារនរោត្តម សីហនុ
សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។
យោងតាមសេចក្តីប្រកាស របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានអោយដឹងថា ៖«ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា»។
ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។
ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ៕