សុខភាពរបស់សម្តេចប៉ាបបន្តប្រសើរឡើង

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា ស្ថានភាពសុខភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាន់តែប្រសើរ ប៉ុន្តែទ្រង់ចាំបាច់ត្រូវតែបន្តស្ថិតក្រោមការតាមដាន នៅមន្ទីរពេទ្យមួយរយៈទៀត។

ប្រភពដដែលបានបន្តថា ក្រុមវេជ្ជបណ្ឌិតបានផ្តល់នូវបច្ចុប្បន្នភាពជារួមរបស់សម្តេចប៉ាបថា គឺកាន់តែប្រសើរឡើងតាមការធ្វើតេស្តឈាម និង​សភាព​រាងកាយ​របស់​សម្តេចប៉ាបចំពោះការព្យាបាលដោយឱសថ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចប៉ាប​នូវតែ​ចាំបាច់​បន្តការព្យាបាលតាមបែបឱសថនៅក្នុងមន្ទីរពេទ្យមួយរយៈពេលបន្ថែម។

តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃចន្ទ សម្តេចប៉ាបអាចធ្វើ​លំហាត់ខាងវិញ្ញាណ និងអាចសាវនាការជាមួយនឹងក្រុមមន្រ្តីតាមរយៈអ៊ីនធឺណេត ហើយទ្រង់ក៏បានយាងទៅអធិស្ឋាន​មួយ​ភ្លែតនៅបន្ទប់ឯកជននៅក្នុងមន្ទីរពេទ្យ។

នៅពេលរសៀល សម្តេចប៉ាបបានចូលរួមនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារបុរីវ៉ាទីកង់ ម្តងទៀត ហើយទ្រង់តែងតែអធិដ្ឋាន និង សម្រាកឆ្លាស់គ្នា។

សម្តេចប៉ាបបានយាងចូលមន្ទីរពេទ្យតាំងតែពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៥ រហូតដល់ពេលនេះ​​៕

Daily Program

Livesteam thumbnail