សិស្សវិទ្យាល័យសន្តហ្រ្វង់ស្វ័រប្រឡងជាប់បឋមភូមិមួយរយភាគរយ

បេក្ខជនចំនួន៤៣នាក់ នៃវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ស្ថិតក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ១០០ភាគរយ នាសម័យប្រឡងថ្ងៃទី១៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។
លោក ប៉ិច វិបុល ជានាយកសាលាខាងលើបានរៀបរាប់ឲ្យដឹងថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមឧបត្ថមត្តមទាំងស្រុងពីព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក។ លោកបន្តថា ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន៤៣នាក់ ដែលក្នុងនោះមានស្រី២៨នាក់ ចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិទទួលបានលទ្ធល្អជាទីគ្រាប់ចិត្ត។ កម្រិតនិន្ទេសដែលបេក្ខជនរបស់យើងទទួលបាន គឺគ្មានកម្រិតមធ្យមទេ មានតែល្អ និងល្អបង្គួរ។
លោកនាយកសាលារូបនេះបន្តទៀតថា សាលាបានរៀបចំផែនការបង្រៀនដោយច្បាស់លាស់ពីសំណាក់លោកគ្រូអ្នកគ្រូ និងចំពោះម៉ោងសិក្សាក្នុងថ្នាក់ ក៏ដូចជាវិន័យផ្ទៃក្នុងផ្សេងៗ។ ហើយថ្នាក់ដឹកនាំក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលសិក្សាររបស់សិស្សានុសិស្សជាប្រចាំ ក៏ដូចជាតម្រូវឲ្យមានម៉ោងសិក្សារបន្ថែមសម្រាប់សិស្សខ្សោយ។
លោកបន្ថែមថា ក្នុងនោះដែរលោកគ្រូអ្នកគ្រូបានយកចិត្តទុកជាខ្លាំងចំពោះការសិក្សាក្នុងសាលា ក៏ដូចជាបានដាក់លំហាត់ស្រាវជ្រាវឲ្យអនុវត្តជាប្រចាំនៅផ្ទះដើម្បីពង្រឹងសមត្ថភាពសិស្ស។
លោកថា តាំងពីឆ្នាំ២០១១-២០២៥ ការប្រឡងមធ្យមសិក្សាបឋមភូមិរបស់សិស្សគឺជាប់រយភាគរយ។ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របង្កើតឡើងក្នុងឆ្នាំ២០០៣ ក្នុងគោលដៅប្រកាសដំណឹងល្អ ក៏ដូចជាផ្តល់ឱកាសឲ្យកូនៗកសិករក្រីក្រទទួលបានកាសិក្សាអប់រំ ដោយមានទាំងក្រមសីលធម៌ សុជីវធម៌ និងជាមនុស្សល្អនៅក្នុងសង្គម ហើយសាលានេះ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានពីថ្នាក់ទី៧ដល់ទី១២។ ជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកបានបង្កើតសាលាមត្តេយ្យ និងបឋមសិក្សាបន្ថែមទៀត ដើម្បីឆ្លើយតបចំពោះ តម្រូវការរបស់កុមារនិងប្រជាពលរដ្ឋក្នុងភូមិ៕
ដោយ ឆាក លាំង


Daily Program
