សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់ក្នុង​ចំណោមសិស្សសរុបចំនួន៣៦នាក់ (ស្រី២៣នាក់) ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប) ​ខណៈសិស្ស​ផ្សេងទៀតទទួល​បាននិទ្ទេសB ចំនួន​១៨នាក់ និទ្ទេស C ចំនួន៩នាក់ និង​និទ្ទេស Dចំនួន​១នាក់។ លោក ប៉ិច វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានប្រាប់RVA Khmer ថា ​​លទ្ធផលនៃការ​ប្រឡងរបស់សិស្សនៃវិទ្យាល័យសន្តហ្រ្វង់ស្វ័រ ក្នុង​សម័យប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប) កាលពីថ្ងៃទី​៨ ខែតុលា កន្លងមកនេះ សិស្សចំនួន​១៦ នាក់ បានប្រឡងថ្នាក់វិទ្យាសាស្ត្រ និង​ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន​២០នាក់។​ លោកបានបញ្ជាក់ថា ៖ «លទ្ធផលដែលទទួលបានទាំងនេះកើតចេញពីកត្តាមួយចំនួនដូចជា​ កត្តាធនធាន និងសម្ភារៈ ដោយមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់ឯកឧត្តមអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ធ្វើឲ្យសាលាអាចដំណើរការទៅបានយ៉ាងល្អប្រកបដោយគុណភាព»។ លោកវិបុលបន្តទៀតថា កត្តាគណៈគ្រប់គ្រងសាលា គឺការ​ធ្វើបំណែងចែកភារកិច្ចគ្រូសមស្របទៅនឹងសមត្ថភាពជំនាញដែលគាត់មាន ព្រមទាំងកំណត់ពីតួនាទី ភារកិច្ចរបស់គ្រូម្នាក់ៗបានច្បាស់លាស់ រួចណែនាំឲ្យគាត់ឲ្យបំពេញតួនាទីភារកិច្ច្ដដោយមានទំនួលខុសត្រូវខ្ពស់ ត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់គ្រូជាប្រចាំហើយជួយផ្តល់នូវអនុសាសន៍ល្អៗ ថែមទាំងលើកទឹកចិត្តដល់គ្រូដែលខំបំពេញភារកិច្ចបានល្អ។ ចំណែកកត្តាគ្រូ គឺគ្រូមានបទពិសោធល្អៗ មានមនសិការ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ហាត់បង្រៀន សិក្សាស្រាវជ្រាវជាប្រចាំ រិះរកគ្រប់វិធីសាស្ត្រល្អៗ ថ្មីៗ យកមកបង្រៀនសិស្ស ជាពិសេសការបង្រៀនរបស់គ្រូគ្រប់មុខវិជ្ជាប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌលច្រើន មានន័យថាសិស្សខិតខំធ្វើកិច្ចការដែលគ្រូដាក់ឲ្យដោយខ្លួនឯងដោយមានការជួយណែនាំ បង្ហាញផ្លូវរបស់គ្រូ រហូតដល់សម្រេចវត្ថុបំណង។ លោកថា មិនតែប៉ុណ្ណោះ គ្រូបានបង្កើតក្រុមតេឡេក្រាម (Telegram) តាមមុខវិជ្ជារៀងៗខ្លួនដើម្បីជួយដល់សិស្សក្រៅពីម៉ោងសិក្សានៅសាលា ពិសេសជួយសិស្សរៀនយឺត។ រីឯកត្តាមួយទៀតគឺ កត្តាសិស្ស ដែលសិស្សស្រលាញ់ការសិក្សា តស៊ូព្យាយាមរៀនសូត្រ ខិតខំប្រឹងប្រែងដោះស្រាយលំហាត់ដែលគ្រូដាក់ឲ្យធ្វើ តាមការណែនាំរបស់គ្រូ ក្លាហាន ហ៊ានសួរ ហ៊ានឆ្លើយជាមួយគ្រូ និងសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀត។ លោក វិបុលបានបន្តថា ៖ «អ្វីដែលសំខាន់មួយទៀតនោះគឺ កត្តាអាណាព្យាបាលសិស្ស ដែលពួកគាត់បានជំរុញ និងលើកទឹកចិត្តឲ្យកូនខិតខំរៀនសូត្រ ផ្តល់សម្ភារៈសិក្សាតាមតម្រូវការចាំបាច់ និងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់កូនរៀន និងតាមដានលទ្ធផលនៃការសិក្សារបស់កូនជាប្រចាំ»។ នាយកសាលារូបនេះ​បាន​សង្កត់ធ្ងន់ថា ៖ «ទោះបីជាលទ្ធផលនៃកាប្រលងនេះមិនទាន់បានល្អដូចការរំពឹងទុករបស់ខ្ញុំ និងលោកគ្រូអ្នកគ្រូទាំងអស់ ក៏ខ្ញុំមានអារម្មណ៍ថា លទ្ធផលនេះវាកើតចេញពីការខិតខំប្រឹងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតាសិស្សដែលបានសហការគ្នាជាប្រចាំក្នុងការជួយដល់សិស្ស ជាពិសេសសិស្យរៀនយឺត ដែលអាចធ្វើឲ្យគាត់មានសម្ថភាពអាចប្រលងជាប់ទាំងអស់គ្នា»។​ សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មាន​បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕

 

Daily Program

Livesteam thumbnail