សាលា​ឧបការគុណ​បន្ថែម​អគារថ្មី

ដោយសារសិស្សមានចំនួនកើនឡើងនិងដើម្បីបំពេញតម្រូវការការសិក្សាដល់កុមារតូចក្រុមដូនជីឧបការគុណបានសង់បន្ថែមនូវអគារមួយថ្មីទៀត ដើម្បីទទួលពួកគេ និងដាក់សម្ពោធបើកដំណើរការកាលពីថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះស្ថិតភូមិទី សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

            កម្មវិធីនេះប្រារព្ធក្រោមអធិបតីភាពលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងលោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមនិងលោទូច លីហួត តំណាងអភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំងរួមជាមួយ​​​អាជ្ញាធរភូមិឃុំ​​ស្រុកចូលរួម​  លោកបូជាចារ្យ ដូនជីគ្រីស្តបរិស័ទសិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សចូលរួមយ៉ាងកុះករ។

«សាលាយើងមានក្មេងកាន់តែច្រើន ដោយសារជាសាលាយាយជី គេទុកចិត្តដូច្នេះគេចុះឈ្មោះកាន់តែច្រើន។» នេះជាប្រសាសន៍របស់ដូនជីរ៉ុង បុប្ផា នាយិការសាលាឧបការគុណ។

            នាយិការសាលាបន្តថា បច្ចុប្បន្នយើងមានកូនសិស្ស១៥០នាក់ តែនៅមានក្នុងបញ្ជីរង់ចាំដែលចុះឈ្មោះ៥០នាក់ ហើយលឺថានៅមានច្រើនទៀតចង់ចូលរៀន តែដោយសារសាលាមានចំនួនកំណត់មិនអាចទទួលទាំងអស់បានហេតុនេះយើងបានរិះគិតជាមួយប្រធានក្រុមដូនជីឧបការគុណរបស់យើង ដើម្បីមានអគារថ្មីថែមទៀត។

            បច្ចុប្បន្នសាលាឧបការគុណទទួលខុសត្រូវដោយក្រុមដូនជីឧបការគុណដែលកំពុងផ្តល់ការអប់រំសិក្សាដល់កូនសិស្សពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី៣។ ដូនជីបុប្ផាបន្ថែមថា ក្រោយបញ្ចប់ថ្នាក់ទី កុមារទាំងអស់ត្រូវទៅរៀននៅសាលារដ្ឋព្រោះយើងមិនទាន់មានលទ្ធភាពបន្តដល់ថ្នាក់ខ្ពស់បាន។ យើងសង្ឃឹមថា បន្តិចទៀតយើង​​នឹងអាចមានរហូតដល់កម្រិតចប់បឋមសិក្សាថ្នាក់ទី និងដល់កម្រិតអនុវិទ្យាល័យ។

            ចាន់ ស្រីនិច្ច អាយុ១៤ឆ្នាំ បច្ចុប្បន្នជាអតីតសិស្សនៃសាលាឧបការគុណ ឲ្យដឹងថា នាងបានចូលរៀននៅសាលានេះនៅអាយុ១១ឆ្នាំព្រោះជីវភាពនិងខ្វះមធ្យោបាយសិក្សា ប៉ុន្តែដោយសារសាលានេះនៅក្បែរផ្ទះនាងអាចមករៀនបានពេញលេញ និងរីករាយជាមួយមិត្តភក្តិ។

            កុមារីម្នាក់នេះ និយាយថា «សប្បាយពេលបានរៀននៅសាលានេះ អរព្រោះបានជួបគ្រូល្អ។ សិស្សត្រូវការអីគ្រូឲ្យហ្នឹង ហើយបង្រៀនឲ្យសិស្សចេះច្រើនដែរ។ ចេះភាសាខ្មែរ ចេះអង់គ្លេស និងគណិត។»

            មិនសូវខុសគ្នាពីស្រីនិច្ចទេ កុមារាទី សម្បត្តិ ចូលរៀនក្នុងវ័យច្រើនដូចគ្នា។ កុមារាវ័យ១៤ឆ្នាំនេះប្រាប់ថា ទោះបីជាគាត់បញ្ចប់ការសិក្សាថ្នាក់ទី៣ហើយក៏ដោយ ក៏គាត់នៅតែមកសាលាដូនជីដើម្បីជួយបង្រៀនដល់ប្អូនៗតូចៗឲ្យចេះអាននិងសរសេរអក្សរថែមទៀត និងរៀនបន្ថែមពីលោកគ្រូអ្នកគ្រូនៅទីនេះ។

            ក្នុងពិធីនោះ លោកអភិបាលហង្សលី មានប្រសាសន៍ថា សម្មភាពរបស់ក្រុមដូនជីឧបការគុណគឺជួយបង្ហូរឧបការគុណរបស់ព្រះជាម្ចាស់តាមរយៈសសរស្តម្ភទាំងបួនរបស់ក្រុមហើយសកម្មភាពនេះជួយដល់កុមារឲ្យរីកចម្រើនទាំងចំណេះដឹង ចរិយាធម៌ សីលធម៌ និងរបៀបរស់នៅជាមួយគ្នាទាំងក្នុងគ្រួសារនិងសង្គមជាតិ។

            សសរស្តម្ភរបស់ក្រុមដូនជីឧបការគុណរួមមាន ក្រីក្រ សប្បុរស សាមញ្ញ និងពឹងលើឧបការគុណរបស់ព្រះជាម្ចាស់។

            ក្នុងនោះដែរលោកអភិបាលបានអរគុណនិងសំណូមពរបន្ថែមដល់អាជ្ញាធរមូលដ្ឋាន សូមជួយគាំពារនិងគាំទ្រដល់សកម្មភាពរបស់ក្រុមដូនជីដើម្បីឲ្យពួកគាត់អាចបណ្តុះបណ្តាលកុមារដោយប្រសិទ្ធភាព។

            លោកអភិបាលអេនរីគេ ហ្វីការេដូ បញ្ជាក់ផងដែរថា សកម្មភាពរបស់ក្រុម​​​ដូនជីរួមគ្នាធ្វើកិច្ចការអប់រំនេះដើម្បីឲ្យមាន​​បរិយាប័ន្នក្នុងសង្គម មិនបោះបង់នរណាឲ្យនៅក្រៅសង្គមឡើយ។ នេះជាការ​​​បង្ហាញពីសេចក្តីស្រឡាញ់ ដែលបញ្ជាក់ថាយើងជាបងប្អូននឹងគ្នា។

            សាលាឧបការគុណត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២។ នេះជាសាលាដូនជីឧបការគុណដំបូងគេបន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា មុនឆ្នាំ១៩៧៥ ក្រុមដូនជីឧបការគុណមានសាលាអប់រំយុវតីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះល្បីល្បាញ ក្នុងចំណោមប្រជាជនខ្មែរ ដែលមាននៅជ្រោយចង្វារ និងខេត្តកែបជាដើម។

            បច្ចុប្បន្នក្រុមដូនជីឧបការគុណ​ ​ជួយដល់សកម្មភាពព្រះសហគមន៍តាមរយៈបង្រៀនអប់រំជំនឿ បម្រើពិធីបុណ្យនិងសង្គហៈ ទទួលអប់រំកុមារនិងយុវជននិងឲ្យពួកគេស្នាក់នៅដើម្បីបន្តការសិក្សានៅគ្រប់កម្រិត និងមើលថែរក្សាកុមារមានពិការភាពជាដើម៕

 

ដោយកែវ កញ្ញា

 

 

Daily Program

Livesteam thumbnail