សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ
នាព្រឹកថ្ងៃទី៣០ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ ដែលទទួលខុសត្រូវដោយក្រុមបព្វជិតឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី តំណាងអាជ្ញាធរដែនដី សិស្សានុសិស្ស អាណាព្យាបាល យ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមបព្វជិតឡាសាល ពិសេសលោកគ្រូអ្នកគ្រូដែលជួយអប់រំណែនាំ នូវចំណេះដឹង របៀបរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។
លោកបន្ថែមថា ការអប់រំមិនមែនអប់រំតែខួរក្បាលនោះទេ តែអប់រំទាំងចិត្ត ឥរិយាបថ របៀបទំនាក់ទំនង របៀបដែលនាំឱ្យមានចិត្តអាណិតមេត្តា របៀបបង្កើតសីលធម៌ ចេះគោរពគ្នាទៅវិញទៅមក និងរបៀបរស់នៅផងដែរ ដែលទាំងនេះនឹងជួយបង្កើតសង្គមមួយពោរពេញដោយសុខដុមរមនា និងសេចក្តីសុខ។
បន្ថែមក្នុងធម្មទេសនាក្នុងអភិបូជា លោកអភិបាលបានរំលឹកដល់កុមារទាំងអស់ថា សុបិនអាចកើតជាការពិតលុះត្រាតែយើងយកចិត្តទុកដាក់រៀន និងត្រៀមខ្លួន។ លោកក៏សូមឲ្យមានអ្នកជួយគាំទ្រដល់កុមារទាំងនោះដែលមានអាជ្ញាធរដី សាសនា ឪពុកម្តាយ និងសហគមន៍ ដើម្បីរៀបចំអនាគតរបស់កុមារ អនាគតប្រទេសជាតិ។
អគារសិក្សាថ្មី ដែលមានកម្ពស់៣ជាន់ មាន១៤ បន្ទប់ ត្រូវបានកាត់ខ្សែបូសម្ពោធជាផ្លូវការណ៍ ក្រោមជំនួយឧបត្ថម្ភពីក្រុមគ្រួសារបងប្រុសឡាសាល នៅទីក្រុងសានចូវសេ សហរដ្ឋអាមេរិក វៀតណាម និងសប្បុរសជននានា។
បព្វជិត ងៀន ថេអាង់ ជានាយកសាលា បានថ្លែងថា «នេះមិនត្រឹមតែជាការរំភើបរបស់សាលា រឺលោកគ្រូ អ្នកគ្រូនៅទីនេះប៉ុណ្ណោះទេ តែសម្រាប់យើងទាំងអស់គ្នា ក៏ដូចជាក្មេងៗដែលនៅទីនេះ ក្នុងពេលបច្ចុប្បន្ន និងអនាគត»។ លោកបន្ថែមទៀតថា សាលាសន្តឡាសាលពោធិ៍ធំ ជាកន្លែងអភិវឌ្ឍន៍កូនសិស្សទាំងកាយ ទាំងចិត្ត ដោយសង្ឃឹមថា កូនសិស្សនឹងក្លាយជាមនុស្សល្អ កូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
កញ្ញា ខែម ដាវី ក្រុមប្រឹក្សាសង្កាត់អរិយក្សត្រ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់សិស្ស ហើយផ្ដល់មុខមាត់ដល់សង្កាត់ដើម្បីចូលរួមអភិវឌ្ឍក៏ដូចជាចូលរួមចំណែកដល់ឪពុកម្តាយដែលមានជីវភាពខ្វះខាតអាចឱ្យកូនៗបានមករៀនសូត្រ។
ក្រុមគ្រួសារបព្វជិតឡាសាលបានមកដល់ប្រទេសកម្ពុជា មុនសម័យសង្គ្រាមស៊ីវិល ហើយបានបង្កើតសាលាមីសក្នុងទីក្រុងភ្នំពេញ។ ក្រោយមកសាលានេះត្រូវបានបាត់បង់ ហើយក្នុងឆ្នាំ២០០៥ ក្រុមបព្វនេះ បានត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចាប់ផ្តើមកម្មវិធីសិក្សាក្នុងតំបន់ពោធិ៍ធំនេះ ដែលមានឈ្មោះថា សាលាសន្តឡាសាលពោធិ៍ធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ក្នុងគោលបំណងផ្តល់ការអប់រំដោយឥតគិតថ្លៃដល់សិស្សក្រីក្រ និងខ្វះខាតក្នុងតំបន់។ ដំបូងឡើយ សាលាផ្តល់ការអប់រំត្រឹមថ្នាក់មត្តេយ្យសិក្សា ដែលមានចំនួន៤បន្ទប់ និងសិស្សប្រមាណ១៥៦នាក់ប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៨ ក្រោយពីបានទទួលអាជ្ញាប័ណ្ណបង្រៀនកម្រិតបឋមសិក្សាដោយក្រសួងអប់រំ យុវជន និងកីឡា សាលាឡាសាលពោធិ៍ធំបានក្លាយជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ក្នុងតំបន់។ គិតមកដល់ចុងឆ្នាំ២០២៤នេះ សាលាសន្តឡាសាលមានសិស្សសរុបប្រមាណ៥៤៩ នាក់ និងបុគ្គលិកអប់រំ៣៤នាក់។ បច្ចុប្បន្នបូករួមជាមួយអគារសិក្សាថ្មី សាលាមាន២៨ បន្ទប់ ក្នុងនោះថ្នាក់មត្តេយ្យសិក្សាមាន២ បន្ទប់ បឋមសិក្សា១៥ បន្ទប់ ក្រៅពីនោះមានបន្ទប់ពេទ្យ ការិយាល័យ បន្ទប់ប្រជុំ បន្ទប់កំព្យូទ័រ បន្ទប់រដ្ឋបាល បណ្ណាល័យ បន្ទប់អាហារថ្ងៃត្រង់ និងបន្ទប់សម្រាកពេលថ្ងៃរបស់សិស្ស៕
សុខ កែវរតនា