សាលារៀនមួយចំនួនតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បើកដំណើរការឡើងវិញ

បន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា និងថៃ សាលានៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានបើកដំណើរការឡើងវិញ សម្រាប់សិស្សានុសិស្សអាចចូលទៅសិក្សា។

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានបញ្ជាក់កាលពីថ្ងៃចន្ទថា គណៈគ្រប់គ្រងសាលា និងបុគ្គលិកបង្រៀនត្រូវបានណែនាំឱ្យត្រឡប់មកបំពេញការងារវិញ។ សាលារៀនដែលត្រូវបានបិទពីមុន ត្រូវបានបញ្ជាឱ្យបើកដំណើរការឡើងវិញ ព្រមទាំងត្រូវរៀបចំលេណដ្ឋាន និងស្បៀងអាហារបម្រុងសម្រាប់ស្ថានភាពអាសន្នផងដែរ។

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានប្រកាសថា ចាប់ពីថ្ងៃម្សិលមិញនេះ គ្រឹះស្ថានសិក្សានៅក្នុងស្រុកសំឡូត កំរៀង សំពៅលូន ភ្នំព្រឹក និងបាណន់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ សាលារៀននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមបង្រៀនឡើងវិញកាលពីម្សិលមិញ ដោយក្នុងនោះគ្រឹះស្ថានមួយចំនួនបានចែករំលែកនូវផែនការត្រៀមលក្ខណៈរបស់ពួកគេ រួមទាំងវិធានការសម្រាប់ការរៀនសូត្រក្នុងអំឡុងពេលមានអាសន្នផងដែរ។

ចំណែកឯ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្គាប់ឱ្យមន្ទីរអប់រំ ពិនិត្យឡើងវិញនូវការបើកសាលារៀន លើកលែងតែសាលាណាដែលរងការខូចខាតដោយសារការផ្លោងគ្រាប់ ឬសាលាដែលត្រូវការការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។

បើតាមក្រសួងមហាផ្ទៃ បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ២០.១៦២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៤.៣៨៣នាក់។

បើតាម ក្រសួងមហាផ្ទៃ, វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

 

 

Daily Program

Livesteam thumbnail