សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់
សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនការទៅលើសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទី ព្រឹក ដែលសវនាការនេះបានធ្វើរហូតដល់ ម៉ោង ១៦:៤៦ នាទីល្ងាច លើ ពីបទរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ។
ជនត្រូវចោទទាំង៥រូបដែលបានចូលសវនាការរួមមាន៖ ឡុង គន្ធា ភេទ ស្រី អាយុ ២៣ ឆ្នាំ, យឹម លាងហ៊ី ភេទ ប្រុស អាយុ ៣២ឆ្នាំ, ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ឆ្នាំ, ភួន កែវរស្មី ភេទ ស្រី អាយុ ២០ឆ្នាំ និងលី ចាន់ដារ៉ាវុត ភេទ ប្រុស អាយុ ២១ឆ្នាំ។
អ្នកនាង ឡុង គន្ធា អាយុ ២៣ ឆ្នាំ បានប្រាប់ឱ្យដឹងថា នៅពេលសាកសួរ តុលាការមិនសូវសួរពាក់ព័ន្ធច្រើនទៅនឹងបទចោទប្រកាន់នោះទេ ប៉ុន្តែភាគច្រើនសួរទាក់ទងនឹងលោកអាឡិច។ មួយវិញទៀត សំណួរដែលគេបានសួរអ្នកនាង ឡុង គន្ធា គឺជាសំណួរដែលបានចោទសួរម្តងរួចមកហើយ។
អ្នកនាងបានបញ្ជាក់ថា ៖ «សំណួរភាគច្រើនមានការពាក់ព័ន្ធជាមួយនឹងអាឡិច តែមិនសូវមានការពាក់ព័ន្ធជាមួយនឹងខ្ញុំទេ។ ចឹង នៅក្នុងដំណើរការនេះគឺមិនមានភាពជាក់លាក់ណាមួយឡើយ ហើយមេធាវីក៏បានសួរពីសកម្មភាពមួយចំនួនថាយើងបានធ្វើអ្វីខ្លះ? មានចេតនានៅក្នុងការផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់ឬអត់ ជាដើម»។
អ្នកនាង ឡុង គន្ធា បានបន្តថា ៖ «ខ្ញុំបានឆ្លើយតបទៅអង្គសវនាការផងដែរថាយើងធ្វើគឺនៅក្នុងចេតនាតែមួយគត់គឺដើម្បីការពារបរិស្ថាន ការពារធនធានធម្មជាតិ ហើយយើងមិនដែលមានចេតនាណាមួយនៅក្នុងការផ្តួលរំលំរដ្ឋាភិបាល ស្ថាប័នរដ្ឋណាមួយទេ»។
សូមរម្លឹកផងដែរថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកន្លះថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
យុវជន យ៉ីម លាងហ៊ី បានលើកឡើងថា លោកចូលរួមសកម្មភាពចលនាមាតាធម្មជាតិ គឺដើម្បីការពារបរិស្ថាន គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកយល់ថាមានតែអ្នកដែលនៅស្ងៀមមើលតែការវិនាសអន្តរាយទៅវិញទេដែលបានប្រព្រឹត្តហិង្សាស្ងៀមស្ងាត់ដែលមិនបានបំពេញតួនាទីជាពលរដ្ឋ។
លោក យ៉ីម លាងហ៊ី ថា ៖ «ខ្ញុំធ្វើការ មិនមែនដើម្បីបង្ហាញថាខ្លួនឯងចង់បានពានរង្វាន់ ដើម្បីខ្លួនឯងចង់បានការគាំទ្រនោះឡើយ។ ខ្ញុំចង់បញ្ជាក់ថា អ្វីដែលខ្ញុំធ្វើគឺក្នុងនាមខ្ញុំជាពលរដ្ឋ ដើម្បីបរិស្ថាន ដើម្បីពិភពលោកប៉ុណ្ណោះ»។
គួរបញ្ជាក់ដែរថា សវនការរបស់សកម្មជនចលនាមាតាធម្មជាតិ នឹងបន្តនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខទៀត៕