សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងសម្រេចបើកការស៊ើបសួរជនសង្ស័យ៤រូប
មនុស្សចំនួន៤នាក់ ក្នុងនោះរួមទាំងជនសង្ស័យលី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។
នេះបើយោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបានឱ្យដឹងថា ៖ «តំណាងអយ្យការសម្រេចចោទប្រកាន់លើលោក ដួង តារា , លី សាម៉េត , មួង ឃីម និងឧកញ៉ា អ៊ុត ធី បទជំនួញឥទ្ធិពលសកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។
ប្រភពដដែលបានបន្តថា ជាមួយគ្នានេះដែរ តំណាងអយ្យការក៏បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ អ៊ុត ធី ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
រីឯជនសង្ស័យឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
ចំណែកឈ្មោះ លី សាម៉េត ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏បានឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ ក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលី សាម៉េត, ដួង តារា និង ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ក្នុងអំពើឆបោក។
លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ។
សូមរម្លឹកដែរថា អតីតទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លី សាម៉េត ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តនីតិវិធីច្បាប់ បន្ទាប់ពីលោកបានចូលខ្លួនសារភាព ក្រោយពីសម្តេចតេជោ ប្រកាសមិនលើកលែងទោសឱ្យ៕