សារព័ត៌មានកាតូលិកគួរផ្លាស់ប្តូររបៀបរាយការណ៍
ក្នុងសន្និសិទប្រព័ន្ធផ្សព្វផ្សាយកាតូលិកដែលរៀបចំនៅទីក្រុងអាត្លង់តាសហរដ្ឋអាមេរិក លោកបូជាចារ្យបណ្ឌិត ប៉ាវឡូ រ៉ូហ្វីនី ( Paolo Ruffini) អ្នកទទួលខុសត្រូវនៅក្រសួងសារគមនាគមន៍នៃសន្តអាសនៈ បានថ្លែងថា អ្នកសារព័ត៌មានកាតូលិកគួរតែផ្លាស់ប្តូរគោលដៅនៃសេចក្តីរាយការណ៍របស់ខ្លួនក្នុងពេលបច្ចុប្បន្ន។
លោកបានថ្លែងនៅក្នុងជំនួបរវាងអ្នកកាសែតកាតូលិក និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរាប់សិបនាក់មកពីទូទាំងអាមេរិកខាងជើង ដែលធ្វើឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយកាតូលិកគួរតែតម្រង់ទិសនិងដួងចិត្តជំរុញឲ្យមានការផ្លាស់ប្តូរដោយសេចក្តី ទទួលស្គាល់នូវអ្វីដែលជាចំណុចល្អ ដាក់ដួងចិត្តឆ្ពោះទៅរកការរួបរួម ធ្វើសក្ខីភាពគ្រប់អត្ថបទដែលចុះផ្សាយ ដែលទាំងនេះគឺជាការបង្កើតនិងច្នៃប្រឌិត ណែនាំនូវក្តីសង្ឃឹមថ្មី។ «ហើយនេះជាផ្លូវដែលយើងប្រកាសដំណឹងល្អ និងឲ្យគ្រីស្តបរិស័ទឈ្វេងយល់នូវអ្វីដែលកើតមាននៅក្នុងពិភពលោកយើងនេះ។
លោកបានលើកឡើងថា ការផ្សព្វផ្សាយមានន័យថា នាំមនុស្សឲ្យយល់និងកសាងសម្ព័ន្ធភាព ជំរុញឲ្យមានបរិយាកាសស្វាគមន៍ និងឲ្យគេក្លាយជាមនុស្សចាស់ទុំ។
លោកបន្ថែមថា៖ «ដើម្បីនិយាយអំពីភាពស្រស់ស្អាតរបស់ព្រះសហគមន៍គឺត្រូវធ្វើជាសាក្សីនៃភាពជាធ្លុងតែមួយរបស់ព្រះជាម្ចាស់ ដែលបានបង្រួបបង្រួមយើងទៅកាន់មនុស្សដែលយើងបានប្រាស្រ័យទាក់ទង»។
លោកបានលើកឡើងថា សង្គមមនុស្សអាចនឹងទទួលផលប្រយោជន៍ពីការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីផ្សព្វផ្សាយរបស់ព្រះសហគមន៍កាតូលិក គួរតែចូលរួមផ្តោតលើការបណ្តុះខាងវិញ្ញាណនៃក្តីស្រលាញ់ ជាពិសេសគឺក្តីសង្ឃឹម ប្រសើរជាងផ្តោតលើតែ បញ្ហា។
លោកបូជាចារ្យបណ្ឌិតរូបនេះបាននិយាយថា « ការប្រឈមរបស់ព្រះសហគមន៍គឺ ការកសាងបណ្ដាញទំនាក់ទំនង សូម្បីតែតាមរយៈបញ្ញាសិប្បនិម្មិត ដោយផ្អែកលើការរួបរួមគ្នាជាធ្លុងតែមួយ ផ្អែកលើសេចក្តីពិតដែលផ្តល់សេរីភាព និងទៅលើសេចក្ដីស្រឡាញ់ដែលបានពន្យល់គ្រប់កិច្ចការទាំងអស់»៕