សាធារណរដ្ឋអៀរឡង់ នឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់ ដោយផ្តោតជាពិសេសលើកម្ពុជា

លោក​ សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយនឹង​លោកស្រី​ Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែ​ល​មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ក្នុង​ជំនួបនាថ្ងៃទី​១៣ ខែមិថុនា លោកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី​ឯកអគ្គរដ្ឋទូតបានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសា​ធារណរដ្ឋអៀរឡង់ ហើយ​បាន​បញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍រួម។​

លោក សុខ​ ចិន្តា សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអៀរឡង់ ចំ​ពោះជំនួយដ៏មានតម្លៃ ជាពិសេសលើវិស័យអប់រំ ការដោះមីន និងសុខាភិបាល។

លោកស្រី​ឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការធ្វើឱ្យកា​ន់តែស៊ីជម្រៅនូវទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់បន្ថែមទៀតថា វិស័យអប់រំជាសសរស្តម្ភសំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់អៀរឡង់  ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។​

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី ឬគណៈកម្មការសេដ្ឋកិច្ចចម្រុះ ដែលនឹងត្រួសត្រាយផ្លូវដើម្បីពង្រឹង និងស្វែងរកវិស័យថ្មីសម្រា​ប់ភាពជាដៃគូ ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។​

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក៕

Daily Program

Livesteam thumbnail